៩ខែ ឆ្នាំនេះ៖ ​រដ្ឋាភិបាល បានចំណាយជិត ៤៥លានដុល្លារ លើការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ

សង្គម​ និង​សេដ្ឋកិច្ច

គិតត្រឹមពេលពេល ៩ខែ  ពោលពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ ​រាជរដ្ឋាភិបាល បានចំណាយលើការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ រហូតជិត ៤៥លានដុល្លារ ខណៈរាជរដ្ឋាភិបាលនៅតែបន្តជួយជាបន្តបន្ទាប់ទៀត។នេះបើតាមការលើកឡើងពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ សម្តេច ហ៊ុន ម៉ាណែត បានឱ្យដឹងបន្ថែមថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ​រាជរដ្ឋាភិបាល បានចំណាយលើការជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ ស្ត្រីមេម៉ាយ និងកុមារតូច អស់ថវិកាជិត ៤៥លានដុល្លារ។

សម្តេចបន្តថា៖‍«តាមយៈការចំណាយនេះ ក្នុងនោះ៖ កម្មវិធីផ្តល់អាហារតាមសាលារៀន រាជររដ្ឋាភិបាលបានធ្វើតាំងពីឆ្នាំ២០១៩ ហើយយកផលិតផលពីសហគមន៍ និងបានអនុវត្តន៍លើ ១០ខេត្ត និង ៤១៧សាលា ក្នុងនោះកូនក្មេងទទួលបានផល ១១ម៉ឺននាក់ ហើយរដ្ឋាភិបាលបានចំណាយថវិកា ១៧លានដុល្លារ សម្រាប់បំប៉នអាហារដល់កូនចៅប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលនឹងនៅបន្ត និងបន្តពង្រីក»។

បន្ថែមពីនេះ សម្តេចអះអាងថា រាជរដ្ឋាភិបាល ក៏មានគោលដៅធ្វើយ៉ាងណាឱ្យបានគ្រប់ ៩លាននាក់សម្រាប់ប្រជាពលរដ្ឋបានទទួលសេវាគាំពារផ្នែកសុខភាព ហើយរាជរដ្ឋាភិបាលក៏គ្រោងចំណាយថវិកាជិត ១០០លានដុល្លារក្នុងមួយឆ្នាំ ដែលនេះជាអ្វីដែលរាជរដ្ឋាភិបាលគ្រោងពង្រីកជួយដល់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ដែរថា បើតាមសម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ទៀតដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា ក្នុងការជួយដល់ប្រជាពលរដ្ឋជួបវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាអតិផរណា និងសង្គ្រាមសេដ្ឋកិច្ច និងការជួយកុមារ និងស្ត្រីមានផ្ទៃពោះ បានប្រើប្រាក់ថវិកាអស់១២០០លានដុល្លារ៕

អត្ថបទ៖ ពិសី