កម្ពុជា ទទួលបានប្រព័ន្ធអនុគ្រោះពន្ធថ្មីពីចក្រភពអង់គ្លេស DCTS ជំនួសឱ្យ GSP

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-អង់គ្លេស បានចាប់ផ្តើមដំណើរគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍ (Developing Countries Trading Scheme – DCTS) ប្រកបដោយជោគជ័យ ដែលជាប្រព័ន្ធអនុគ្រោះពន្ធថ្មីមួយ ជំនួសឱ្យប្រព័ន្ធអនុគ្រោះពន្ធទូទៅ(Generalized Scheme of Preferences – GSP) បន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីជាមួយលោក ដូមីនិច វីល្លៀម(Dominic Williams) ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលថ្ងៃទី៤ ខែតុលានៅវិមានសន្តិភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណផងដែរ ចំពោះការដាក់ឱ្យដំណើរការគម្រោង DCTS និងបានស្នើសុំឱ្យចក្រភពអង់គ្លេសពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មពីកម្ពុជា បន្ថែមពីលើការនាំចូលផលិតផលវាយនភណ្ឌ និងផលិតផលស្បែកជើង។

សូមបញ្ជាក់ថា រដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានប្រកាសអំពីការផ្ដល់នូវប្រព័ន្ធអនុគ្រោះពន្ធថ្មី UK’s Developing Countries Trading Scheme (DCTS) ជំនួស UK’s Generalized Scheme of Preference ហៅកាត់ថា (GSP) ក្នុងគោលបំណងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍ រួមទាំងប្រទេសអភិវឌ្ឍតិចតួច ក្នុងនោះក៏មានទាំងប្រទេសកម្ពុជាផងដែរ។

ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែមទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ ដែលក្នុង នោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥% (តម្លៃវត្ថុធាតុដើមនាំចូល សម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥%) ឬការផ្លាស់ប្តូរចំណាត់ថ្នាក់បន្ទាត់ពន្ធ រហូតដល់៤ខ្ទង់ ទៅ៦ខ្ទង់។ ផលិតករ ឬអ្នកនាំចេញទាំងអស់ ត្រូវអនុវត្តន៍តាម វិធានដើមកំណើតទំនិញរបស់ចក្រភពអង់គ្លេស ដើម្បីទទួលបានការអនុគ្រោះពន្ធពីចក្រភពអង់គ្លេស។

គួរបញ្ជាក់ដែរថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៧ខែឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចក្រភពអង់គ្លេស សម្រេចបាន ៤៩៦.៣ លានដុល្លារ ធ្លាក់ចុះ ១៤.៦ ភាគរយប្រៀបធៀបទៅនឹងឆ្នាំ២០២៣៕

អត្ថបទ៖ អក្ខរា