សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លៃងថា មូលដ្ឋាននៃការអប់រំ គឺត្រូវពង្រឹងពីថ្នាក់មតេយ្យ ដល់ថ្នាក់ទី ១២ ហើយបើពង្រឹងបាន នោះវិស័យអប់រំរបស់កម្ពុជា នឹងមានភាពរីកចម្រើន។សម្តេចថ្លែងបែបនេះ នៅក្នុងឱកាសអបអរទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ«គ្រូបង្រៀន ជាសសរស្តម្ភ នៃសាលារៀនឆ្ពោះទៅរកឧត្តមភាព» នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ប្រសាសន៍ថា «បើចង់បាននិស្សិតមានគុណភាពរៀននៅតាមសាកលវិទ្យាល័យ ត្រូវពង្រឹងថ្នាក់បឋម ថ្នាក់ទី១២ បើគាត់មានមូលដ្ឋានរឹងមាំ នោះហើយជាគុណភាពនៅសាកលវិទ្យាល័យ»។
សម្តេចធិបតី បានបន្តថា វិស័យអប់រំដំណាក់កាលនេះ គឺជាដំណាក់កាលពង្រឹងវិស័យអប់រំ ដូច្នេះត្រូវយកសសរស្ដម្ភណាមួយ ក្នុងនោះមានដូចជាការពង្រឹងមូលដ្ឋាន នៃការសិក្សារបស់សិស្ស ចាប់តាំងពីថ្នាក់មត្ដេយ្យរហូតដល់ថ្នាក់ទី១២ ឬមធ្យមសិក្សាតែម្ដង ដែលការអប់រំនេះ ត្រូវផ្ដោតលើលទ្ធផលចំនួន២ គឺសមត្ថភាព និងឥរិយាបថ។
លើសពីនោះ សម្តេចធិបតី បានបញ្ចាក់ថា ចាប់ពីពេលនេះតទៅត្រូវតែធ្វើការកំណែទម្រង់លើវិស័យអប់រំ ដោយគ្រូបង្រៀនត្រូវមានទាំងចំណេះដឹង គុណធម៌ និងសីលធម៌ ដែលជាគំរូ និងជាមូលដ្ឋានគ្រឹះក្នុងការបណ្ដុះបណ្ដាល ចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្ស និងយុវជនជំនាន់ក្រោយៗទៀត។
សូមជម្រាបថា រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់បៀវត្សឧបត្ថម្ភដល់លោកគ្រូ-អ្នកគ្រូ ដែលជាគរុសិស្សកំពុងសិក្សាដោយអនុវត្តតាមរូបមន្តបៀវត្សមូលដ្ឋាន បូកនឹង៧០ភាគរយបន្ថែម។ ការដំឡើងបៀវត្សឧបត្ថម្ភថ្មីនេះ បានធ្វើឱ្យបៀវត្សរបស់លោកគ្រូ-អ្នកគ្រូ ជាគរុសិស្សកំពុងសិក្សា ទាបបំផុត (កម្រិត គ)ចំនួន ៩៨ម៉ឺនរៀល៕