សាលាក្រុងភ្នំពេញ ត្រៀមរថយន្ត ៤៥៥គ្រឿងដឹកប្រជាពលរដ្ឋឥតគិតថ្លៃក្នុងពិធីបុណ្យភ្ជុំបិណ្ឌ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមរៀបចំរថយន្តក្រុងចំនួន៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃជូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែតុលានេះ បានឲ្យដឹងថា ដោយអនុវត្តតាមប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តីកាលកន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

បើតាមសាលាក្រុងភ្នំពេញ ការដឹកជញ្ជុនដោយមិនបង់ប្រាក់នេះ គឺដើម្បីជួយសម្រួលដល់ការចំណាយជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុង ការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ដោយក្នុងនោះ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងចំនួន ៦០គ្រឿង។ រីឯសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីបណ្ដាខេត្តត្រលប់មកភ្នំពេញវិញ ប្រើប្រាស់រថយន្តក្រុងចំនួន ៣៩៥គ្រឿង។

ទន្ទឹមនឹងនេះ សាលាក្រុងភ្នំពេញក៏អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូន អ្នកដំណើរទាំងអស់មេត្តារក្សាតម្លៃដឹកជញ្ជូននៅដដែល ដោយពុំតម្លើងថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញក្នុងការជួយសម្រួលដល់ជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋផងដែរ៕