ខេត្តចំនួន៣ ទទួលបានគម្រោងរោងចក្រថ្មី ក្រោមទុនវិនិយោគជិត ១៣លានដុល្លារអាមេរិក

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តឱ្យក្រុមហ៊ុនចំនួន៣ បន្ថែមទៀតបោះទុនវិនិយោគសរុបចំណួន ១២.៨លានដុល្លារអាម៉េរិក នៅខេត្តព្រះសីហនុ ខេត្តស្វាយរៀង  និងខេត្តបន្ទាយមានជ័យ ។នេះបើយោងតាមការចុះផ្សាយលើគណនីហ្វេសប៊ុកផ្លូវការ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

១- ក្រុមហ៊ុន “JUHAI BAOSHUN (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក។

២- ក្រុមហ៊ុន “HOME TERRACE CO., LTD.” គម្រោងគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមក្រៅផ្ទះ (មានដូចជា តុ, កៅអី, តង់, អង្រឹង, រនាំងបាំង, រទះដាក់សម្ភារៈ, កៅអីបង់, ឆ័ត្រ…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក។

៣-ក្រុម “ TECHNO PARK POI PET PVT CO., LTD.” គម្រោងបង្កើតរោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស សានកូ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងទុនវិនិយោគប្រមាណ ២,៦លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ដែរថា គម្រោងបង្កើតរោងចក្រថ្មី នៅលើទឹកដីខេត្តទាំង៣នេះ គឺអាចបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជា បានរហូត២ ២៨៣ កន្លែង៕ អត្ថបទ៖ ពិសី