រដ្ឋសភា៖ ច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ

សង្គម​ និង​សេដ្ឋកិច្ច

រដ្ឋសភា បានប្រកាសសម្រេចអនុម័តសេចក្តីពា្រងច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាផ្លូវការហើយ កាលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ ក្រោមអធិបតីភាព លោក​ ជាម​ យៀប​ ប្រធានរដ្ឋសភាស្តីទី ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភា ចំនួន​ ១០១រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​យោងតាមសេចក្តីប្រកាសព័ត៌មានដោយអគ្គលេខាធិការដ្ឋាន នៃរដ្ឋសភា បានឱ្យដឹងថា បន្ទាប់ពីបានពិភាក្សាហើយនោះ រដ្ឋសភាបានអនុម័តជាឯកច្ឆ័នហើយចំពោះ សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលរៀបចំឡើងដោយរាជរដ្ឋាភិបាល។

សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលមាន១១មាត្រា ដែលនឹងជំនួសច្បាប់ ស្តីពីការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលឆ្នាំ១៩៩៦ ក្នុងគោលបំណងលើកកម្ពស់​ និងធានាដល់ដំណើរការគ្រប់គ្រង ចាត់ចែង​ និងអភិវឌ្ឍន៍វិស័យអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមស្ថានភាពវិវត្តប្រទេសជាតិ ដែលកំពុងមានការរីកចម្រើននិងការប្រែប្រួលខាងបច្ចេកវិទ្យាអាកាសចរណ៍ស៊ីវិលកាន់តែទំនើប​ និងស៊ីជម្រៅ រួមទាំងរចនាសម្ព័ន្ធគ្រប់គ្រងផងដែរ ជាពិសេសដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌតម្រូវបន្ថែមមួយចំនួន ក្នុងនាមជាសមាជិកនៃអង្គការ ICAO។

បើតាមរដ្ឋសភាជាតិ បានអះអាងថា៖« វិស័យអាកាសចរណ៍ស៊ីវិល បានដើរតួនាទីនិងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ជាតិ តាមរយៈការបង្កើតការងារដោយផ្ទាល់និងដោយប្រយោល ការគាំទ្រនិងជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការទាក់ទាញនិងជំរុញដល់ការវិនិយោគផ្ទាល់ពីបរទេសនិងធុរកិច្ចក្នុងស្រុក ប្រកបដោយទំនុកចិត្ត និងមានលក្ខណៈ សេដ្ឋកិច្ច។ ក្រៅពីនេះ វិស័យអាកាសចរណ៍ស៊ីវិលបានជួយសម្រួលដល់ការតភ្ជាប់រវាងប្រជាជន និងប្រជាជន ប្រទេស និងប្រទេស និងការផ្លាស់ប្តូរវប្បធម៌នៃពិភពលោកទៀតផង»។

យ៉ាងណាមិញ បន្ទាប់ពីអនុម័តដោយរដ្ឋសភា សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភាដើម្បីពិនិត្យ និងឱ្យយោបល់៕ អត្ថបទ៖ ពិសី