ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សុវត្ថិភាពរបស់និស្សិតខ្មែរ និងពលរដ្ឋខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ខណៈសម្តេចថា រដ្ឋាភិបាល នៅតែបន្តតាមដាន និងចាត់វិធានការបន្ទាន់ ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋខ្មែរនៅប្រទេសនេះផងដែរ។
តាមរយៈសារជាសំឡេង ផ្ញើជូនជនរួមជាតិពាក់ព័ន្ធនិស្សិត និងប្រជាពលរដ្ឋខ្មែរ នៅប្រទេសអ៊ីស្រាអែល នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងនាមរាជរដ្ឋាភិបាល សូមចូលរួមរំលែក្ខទុក្ខចំពោះការបាត់បង់និស្សិតខ្មែរម្នាក់ ដែលបានបាត់បង់ជីវិតនៅប្រទេសអ៊ីស្រាអែល។
នៅក្នុងន័យនេះ សម្តេច បានបញ្ជាក់ថា៖«រាជរដ្ឋាភិបាល តាមរយៈស្ថាប័នពាក់ព័ន្ធ ដែលមានក្រសួងការបទេស ក្រសួងកសិកម្ម ក្រសួងអប់រំ ស្ថាប័នចារកិច្ចរបស់ក្រសួងការពារជាតិ និងស្ថាប័នពាក់ព័ន្ធនានា បានកំពុងតាមដានលើរឿងនេះ យ៉ាងយកចិត្តទុកដាក់ ដើម្បីស្រាវជ្រាវ និងកំណត់ឱ្យបាននៅអត្ថសញ្ញាណច្បាស់របស់បងប្អូនពលរដ្ឋខ្មែរដែលស្ថិតនៅតំបន់ក្រហម ឬតំបន់សុវត្ថិភាពឬយ៉ាងណា តាមរយៈការសហការជាមួយស្ថាប័នពាក់ព័ន្ធនៃប្រទេសអ៊ីស្រាអែល»។
ជារួមសម្តេចអះអាងថា គិតត្រឹមម៉ោង៧ព្រឹកនេះ និស្សិត និងពលរដ្ឋខ្មែរ ដែលកំពុងស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៣២៣នាក់ ក្នុងចំណោមនិស្សិត និងពលរដ្ឋសរុប ៤៥៤នាក់ ត្រូវបានជម្លៀសមកទីតាំងសុវត្ថិតភាពហើយ ដោយរាជរដ្ឋាភិបាលកម្ពុជាបានប្រមូលទិន្នន័យនិងព័ត៌មានរបស់ពួកគាត់រួចហើយដែរ ដោយរហូតដល់បង្កើតជាក្រុមតេលេក្រាមមួយដើម្បីទាក់ទងគ្នាជាប្រចាំផងដែរ។
ជាងនេះ ទៀតក្នុងចំណោម បងប្អូនពលរដ្ឋខ្មែរសរុប ៤៥៤នាក់ បច្ចុប្បន្ន ៣២៣នាក់ បានទៅដល់ទីតាំងសុវត្ថិភាព ខណៈ១៣១នាក់ ស្ថិតនៅតំបន់ប្រឈម និងហានិភ័យនៅឡើយ ហេតុនេះរាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកដាក់ជម្លៀសប្រជាពលរដ្ឋខ្មែរទាំងអស់ ដើម្បីរក្សាសុវត្ថិភាពជូនពលរដ្ឋឱ្យបានគ្រប់ៗគ្នា។
យ៉ាងណាមិញ សម្តេច ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើរទៅកាន់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សខ្មែរ នៅនៅក្នុងប្រទេសអ៊ីស្រាអែល យកចិត្តទុកដាក់លើការថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួន តាមការណែនាំរបស់រាជរដ្ឋាភិបាលអ៊ីស្រាអែល ពិសេសសូមឱ្យរក្សាភាពស្ងៀមស្ងាត់ និងជឿជាក់លើសមត្ថភាពអាជ្ញាធរអ៊ីស្រាអែល ដែលជាម្ចាស់ផ្ទះធានាសុវត្ថិភាពជូនបងប្អូនពលរដ្ឋទាំងអស់។
សូមបញ្ជាក់ថា ក្រោយការវាយប្រហារគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ បានបណ្តាលឱ្យនិស្សិតខ្មែរម្នាក់ដែលមានឈ្មោះថា ចាន់ ឧត្តម ជានិស្សិតផ្នែកកសិកម្មបានបាត់បង់ជីវិតភ្លាម ក្នុងឧបទ្ទវហេតុដ៏រន្ធត់នោះ។ យ៉ាងណាមិញ សម្តេចនៅតែបន្តអះអាងថា សុវត្ថិភាពរបស់និស្សិតខ្មែរ និងពលរដ្ឋខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ ពិសី