ភ្ញៀវទេសចរអាមេរិក ជាទីផ្សារគោលដៅធំរបស់កម្ពុជា ក្នុងចំណោមទីផ្សារធំទាំង១០

សង្គម​ និង​សេដ្ឋកិច្ច

លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា ភ្ញៀវទេសចរសហរដ្ឋអាមេរិក ជាទីផ្សារគោលដៅធំរបស់កម្ពុជា ដោយស្ថិតក្នុងចំណោមទីផ្សារធំទាំង១០។ការលើកឡើងបែបនេះ របស់លោក នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ផាទ្រីក មើហ្វី ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងឱកាសនោះ លោក សុខ សូកេន បានស្នើដល់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ជួយគាំទ្រដល់ការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងជួយជំរុញភ្ញៀវទេសចរសហរដ្ឋអាមេរិកឱ្យមកទស្សនាប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសវិនិយោគិនដែលចាប់អារម្មណ៍វិនិយោគនៅកម្ពុជា។

លើសពីនោះ លោក ក៏បានគូសបញ្ជាក់ថា «ភ្ញៀវទេសចរសហអាមេរិក ជាទីផ្សារគោលដៅធំរបស់កម្ពុជា ក្នុងចំណោមទីផ្សារធំទាំង១០ទាំងមុននិងក្រោយវិបត្តិកូវីដ ១៩»។

ជាការឆ្លើយតប ឯកអគ្គរដ្ឋសហរដ្ឋអាមេរិក បានកោតសរសើរចំពោះភាពរីកចម្រើននៃវិស័យទេសចរកម្ពុជា ដែលមានយុទ្ធសាស្រ្ត និងចក្ខុវិស័យច្បាស់លាស់ ហើយទទួលបានការយកចិត្តទុកដាក់ខ្ពស់លើវិស័យនេះពីរាជរដ្ឋាភិបាលកម្ពុជា។លោក សង្ឈឹមថា នឹងឃើញភ្ញៀវទេសចរកម្ពុជាកនា់តែច្រើនទៅទស្សនានៅសហរដ្ឋអាមេរិក និងខិតខំធ្វើយ៉ាងណាបន្តសម្របសម្រួលការធ្វើដំណើររវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរ។

ជាមួយគ្នានោះ ភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍បន្ថែមទៀត តាមរយៈការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ច ការកសាងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនឱ្យកាន់តែរឹងមាំ និងការបង្កើនទំនុកចិត្ត និងប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរផងដែរ៕