នៅព្រឹកថ្ងៃទី១៦ ខែតុលាស្អែកនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ទៅកាន់រដ្ឋធានីប៉េកាំង ប្រទេសចិន ដើម្បីចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។
ការអញ្ជើញទៅកាន់ប្រទេសចិនរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត តបតាមការអញ្ជើញរបស់លោកស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងការចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលនឹងប្រព្រឹត្តពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២៣ លើប្រធានបទ៖ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការអភិវឌ្ឍនិងវិបុលភាពរួម»។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តការអន្តរជាតិ។
ក្រសួងការបរទេស បានឲ្យដឹងថា ក្នុងឱកាសអញ្ជើញទៅកាន់ក្រុងប៉េកាំង ត្រូវបានអមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត ដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី ១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីជាន់ខ្ពស់មួយចំនួន ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន។
នៅក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី “សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី»។ អំឡុងពេលចូលរួមវេទិកានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាជាមួយប្រធានាធិបតី ស៊ី ជីនពីង និងថ្នាក់ដឹកនាំចិនដទៃទៀត ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ព្រមទាំងមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នា ជាមួយឥស្សរជនបរទេស ដទៃទៀតផងដែរ។
ក្រសួងការបរទេសគូសបញ្ជាក់ថា ការអញ្ជើញចូលរួមរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី ៣ នឹងបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់កម្ពុជា ចំពោះគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ សម្រាប់កំណើនរួម សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់ និងអន្តរជាតិ៕