ដូចតាមការគ្រោងទុក អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) នឹងត្រូវបើកដំណើរការទទួលជើងហោះហើរលើកដំបូង និងការផ្ទេរប្រតិបត្តិការពីព្រលានយន្តហោះសៀមរាបចាស់ នៅថ្ងៃទី១៦ ខែតុលាស្អែកនេះហើយ។
ពិធីប្រកាសបើកដំណើរការលើកដំបូងនេះ នឹងមានការចូលរួមជាអធិបតីភាពពីលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្ត្រី ខណៈពិធីសម្ពោធជាផ្លូវការ អាកាសយាន្តដ្ឋានអន្តរជាតិថ្មីនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយនឹងថ្នាក់ដឹកនាំចិន។
បើតាមក្រុមហ៊ុនដែលទទួលសិទ្ធិវិនិយោគ Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បោះទុនសាងសង់ប្រមាណ១ ១០០ លានដុល្លារអាមេរិក។
សូមជម្រាបជូនថា អាកាសយានដ្ឋានថ្មីដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចប្រសិទ្ធនាមជាផ្លូវការថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)»៕