ការប្រកបមុខរបរលក់ដូរខ្នាតតូចនៅតាមដងផ្លូវក្នុងក្រុងភ្នំពេញនៅមួយរយៈចុងក្រោយនេះគេសង្កេតឃើញមានមុខរបរលក់បាយប្រអប់ដែលមានភ្ជាប់ជាមួយមុខម្ហូបស្រាប់ កំពុងមានការរីករាលលក់ដូរតាមគ្នាច្រើនគួរឱ្យកត់សម្គាល់។ជាក់ស្តែងនៅតាមកំណាត់ផ្លូវ ព្រះនរោត្តម តំបន់ចង្រែលើ មុខផ្សារទំនើបអ៊ីអនទី៣ និងនៅតំបន់បូរីពិភពគួរស្រូវបីកំពុងទទួលបានការគំាំទ្រពីអ្នកធ្វើដំណើរឆ្លងកាត់រាល់ព្រឹក។
ការលក់បាយប្រអប់នៅតាមដងផ្លូវខាងលើនេះ គេសង្កេតឃើញថា ទទួលបានការគាំទ្រពីអ្នកដំណើរ រួមនិងបុគ្គលិកក្រុមហ៊ុនដែលបានធ្វើដំណើរឆ្លងកាត់ជាប្រចំានៅរាល់ថ្ងៃធ្វើការ។
លោក ទៀប ចាន់នី អាយុប្រហែល៥០ឆ្នំា ប្រកបរបរលក់បាយ១ប្រអប់ថ្លៃ៥ពាន់រៀលនៅលើកំណាត់ដងផ្លូវក្នុងតំបន់ចង្រេលើ អស់រយៈជាច្រើនឆ្នំាមកបានអះអាងថា ខ្ញុំលក់ប្រអប់នេះតែនៅពេលព្រឹក ហើយនៅក្នុងមួយព្រឹកលក់បាយអស់ប្រហែល៥០ប្រអប់ ព្រោះសព្វថ្ងៃនេះមានអ្នកលក់បាយបែបនេះតាមគ្នាច្រើននៅលើដងផ្លូវ ។ដូចនេះមិនយើងមិនអាចធ្វើច្រើនបានទេ មិនដូចកាលពីមុននោះទេ ក្នុងមួយព្រឹកខ្ញុំអាចលក់ដល់៧០ប្រអប់ក៏អស់ដែរ។
បើតាមលោក ទៀប ចាន់នី មុខរបរលក់បាយប្រអប់នេះលោកបានចាប់ផ្តើមមុនគេនៅក្នុងចំណោមអ្នកលក់បាយនៅតំបន់ចង្រែលើនេះ។ ទាក់ទងនឹងមុខរបរលក់បាយតាមគ្នានេះដែរ បើតាមអ្នកលក់បាយនៅតំបន់បូរីពិភពគួស្រូវ៣ បានឱ្យដឹង ក្នុងរយៈពេល៦ខែមកនេះការលក់បាយមួយប្រអប់ថ្លៃ៤ពាន់រៀលនេះមានការគំាំទ្រច្រើនពីអ្នកធ្វើដំណើរឆ្លងកាត់ជារៀងរាល់ព្រឹក ដោយក្នុងមួយព្រឹកលោកអាចលក់បាយប្រអប់បានពី៧០ទៅ៨០ប្រអប់៕ អត្ថបទ៖ សារេត