មហាសេដ្ឋីចិន វ៉ាង ហ្ស៊ី (WANG Shi) នាយកមូលនិធិក្រុងស៊ិនជិន សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូទីក្រុងស៊ិនជិន មកកាន់ខេត្តព្រះសីហនុ ដើម្បីទស្សនកិច្ច និងផ្តួចផ្តើមពិភាក្សា ស្តីពីការចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងខេត្តក្រុងនៃប្រទេសទាំងពីរ។
ក្នុងជំនួបជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពេលថ្មីៗនេះ លោក វ៉ាង ហ្ស៊ី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុងស៊ិនជិន មកខេត្តព្រះសីហនុ មានអ្នកវិនិយោគគិន អង្កការ NGO ជាច្រើនរូប ដើម្បីផ្តលឱកាសពិនិត្យសិក្សាទីផ្សារ ដើម្បីនាំមកនូវទីផ្សារហិរញ្ញវត្ថុ និងក្រុមហ៊ុនអចលនទ្រព្យមកធ្វើវិនិយោគនៅកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ។
លោកថ្លែងថា៖ «យើងមានឱកាសរួមគ្នាគិត រួមគ្នាធ្វើរវាងអ្នកវិនិយោគក្រុងស៊ិនជិន និងអ្នកវិនិយោគខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលក្រុងស៊ិនជិនសហការរួមគ្នាផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល ទេសចរណ៍ និងការផ្លាស់ប្តូរថ្នាក់ដឹកនាំខេត្ត ក្រុងនៃប្រទេសទាំងពីរ ថ្ងៃនេះយើងបាននាំមកនូវអ្នកវិនិយោគជាច្រើនរបស់ទីក្រុងស៊ិនជិន ដើម្បីធ្វើការពិភាក្សារកដំណោះស្រាយឱ្យបានទាន់ពេលវេលា»។
នៅក្នុងជំនួបនោះដែរ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានប្រាប់គណៈប្រតិភូទីក្រុងស៊ិនជិនអំពីភូមិសាស្រ្ត និងសក្តានុពលខេត្តព្រះសីហនុ មានវិស័យសេដ្ឋកិច្ចសំខាន់ៗរួមមាន៖ វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ជាវិស័យអាទិភាពរួមចំណែកអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចជាតិ។ លោកបន្តថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខេត្តមានកំណើនសេដ្ឋកិច្ច ស្របជាមួយនឹងការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសផ្នែកលើហេដ្ឋារចនាសម្ព័ន្ធអគារខ្ពស់ៗ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន។ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ ផ្លូវល្បឿនលឿន ព្រមទាំងឆ្នេរសមុទ្រ និងកោះដ៏ស្រស់ស្អាត ត្រូវបានប្រសិទ្ធនាមជា «តារារះនាទិសនិរតី» បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចខេត្ត និងក្នុងប្រទេសកម្ពុជា។
លោកបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្លើយតបទៅនឹងការអភិវឌ្ឍលើគ្រប់វិស័យ។ បច្ចុប្បន្នរដ្ឋបាលខេត្តព្រះសីហនុ បានចូលរួមយ៉ាងសកម្មក្រោមការចង្អុលបង្ហាញពីគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយបានសិក្សាបែងចែកជាតំបន់លំនៅដ្ឋាន ពាណិជ្ជកម្ម ឧស្សាហកម្ម រដ្ឋបាល ហិរញ្ញវត្ថុ ទេសចរណ៍ តំបន់សាសនា និងវប្បធម៌ ជាដើម។
តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តព្រះសីហនុ បានសហការធ្វើការជាមួយវិទ្យាស្ថាននគរូបនីយកម្មរៀបចំផែនការទីក្រុងស៊ិនជិន (Urban Planning design Institute of Shenzhen (UPDIS)) ដើម្បីរៀបចំផែនការមេឆ្លើយតបតាមស្ថានភាព និងតម្រូវការជាក់ស្តែង។ សំដៅផ្ដល់ក្របខ័ណ្ឌ និងតម្រង់ទិសការគ្រប់គ្រងប្រើប្រាស់ដីធ្លី ការបែងចែកដីធ្លី ការអភិវឌ្ឍដែនដី និងនគរូបនីយកម្ម ព្រមទាំងការរៀបចំគោលនយោបាយនានា ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ និងឧត្តមភាព នវានុវត្តន៍ខ្ពស់សំដៅរួមចំណែកប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ខាងមុខ។
បើតាមលោកអភិបាលខេត្ត បានបញ្ជាក់ថា ខេត្តព្រះសីហនុបានបង្កើតទំនាក់ទំនងខេត្ត-ក្រុងសម្ព័ន្ធមេត្រីភាពជាមួយខេត្ត-ក្រុងនានា នៃប្រទេសចិនចំនួន ១៧ខេត្ត-ក្រុង មានដូចជា ខេត្តជាំងស៊ូ ខេត្តហៃណាន ទីក្រុងណាននីង និងទីក្រុងអ៊ូស៊ីជាដើម។ លោកថ្លែងថា៖ «ថ្ងៃនេះខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិន បានផ្តួចផ្តើមពិភាក្សាអំពីការ ចងសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូន ដើម្បីឈានទៅរកឱកាសបង្កើតការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ខ្ញុំសូមគាំទ្រចំពោះការចុះហត្ថលេខាលើកំណត់ហេតុកិច្ចប្រជុំពិភាក្សារវាងរដ្ឋបាលខេត្តព្រះសីហនុ និងទីក្រុងស៊ិនជិនប្រកបដោយបរិយាកាសស្និតស្នាល»៕