កុមារាសាលិ ដែលល្បីពេញបណ្ដាញសង្គមក្នុងលោក កាលពីឆ្នាំមុន ដោយសារការចេះនិយាយជាង ១០ភាសានោះ នៅពេលនេះ បានចូលរៀននៅសាលាមួយនៅក្នុងប្រទេសចិនហើយ គឺសាលាភាសាបរទេស Hailiang Foreign Language School ក្នុងខេត្ត Zhejiang។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia។
តាមរយៈវីដេអូដែលបង្ហោះលើហ្វេសប៊ុកលោក K01 បានឲ្យដឹងថា សាលិ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅនៅព្រលានយន្តហោះ ដោយមានក្រុមសិស្សសាលាចិន រាំស្វាគមន៍ និងជូនជាបាច់ផ្កាថែមទៀតផង។
គួររំលឹកផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំមុន វីដេអូរបស់ទេសចរបរទេសមួយរូប ដែលបង្ហាញពីការនិយាយជាច្រើនភាសារបស់សាលី បានក្លាយជាវីដេអូដែលល្បីលើបណ្ដាញសង្គម។ ចាប់តាំងពីពេលនោះមក សាលិ បានល្បីរន្ទឺ មិនត្រឹមតែនៅកម្ពុជានោះទេ ប៉ុន្តែគឺនៅប្រទេសជាច្រើន៕