បើទោះបីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរមិនបានដាក់ដំណើរការជាផ្លូវការក៏ដោយ សម្រាប់អ្នកជំនាញក្នុងវិស័យទេសចរណ៍មើលឃើញថា វត្តមានអាកាសយានដ្ឋានខ្នាតធំរបស់កម្ពុជាមួយនេះ បាននិងកំពុងផ្លាស់ប្តូរទស្សនៈនៃការគិតរបស់ភ្ញៀវបរទេសនិងក្រុមហ៊ុនអាកាសចរណ៍លំដាប់ធំៗនៅលើពិភពលោកមកលើប្រទេសកម្ពុជា។
លោក ធឿន វុឌ្ឍី មគ្គទេសក៍ ទេសចរណ៍ប្រចំានៅខេត្តសៀមរាប បានឱ្យដឹងថា ពីមុនដោយសារតែកម្ពុជាមិនទាន់មានអាកាសយានដ្ឋានខ្នាតធំដូចទៅនិងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីនេះ បើគេចង់ចុះមកស្រុកខ្មែរ ឬខេត្តសៀមរាប ត្រូវចុះចតនៅប្រទេសជិតខាងដែលមានព្រលានយន្តហោះធំ។ប៉ុន្តែឥលូវអាកាសយានដ្ឋាននៅស្រុកខ្មែរអាចទទួលយន្តហោះខ្នាតធំៗបានដូចទៅនិងប្រទេសជិតខាងដែរហើយ ។ដូចនេះអ្វីភ្ញៀវបរទេសក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍ខ្នាតធំៗនៅលើពិភពលោក ដែលគេយល់ថាយើងតូច យើងទាប យើងខ្សត់ខ្សោយ យើងមិនមានអ្វីគួរចង់មក វាបាននិងកំពុងផ្លាស់ប្តូរទស្សនៈរបស់ពួកគេ ឱ្យបានដឹងថាប្រទេសកម្ពុជាមកដល់បច្ចុប្បន្ននេះមានព្រលានយន្តហោះធំក៏ដូចជាមានអ្វីផ្សេងទៀតដូចទៅនិងប្រទេសដទៃទៀត ។ដូចនេះការមកការដើរលេងនៅក្នុងប្រទេសកម្ពុជាមិនគួរមានការព្រួយភ្ញៀវទេសចរបរទេសនិងក្រុមហ៊ុនអាកាសចរណ៍ខ្នាតធំៗនៅលើពិភពលោកបារម្ភច្រើនដូចពីមុនទេ។
លោក ធឿន វុឌ្ឍី មានប្រសាសន៍ថា “បញ្ហាទេសចរណ៍កន្លងមក យើងពឹងទៅទៅលើព្រលានយន្តប្រទេសជិតខាងដែលគេមានអាកាសយានដ្ឋានធំ តម្រូវឱ្យភ្ញៀវបរទេសគេងនិងចាយលុយនៅប្រទេសគេ ចង់អស់លុយហើយទើបមកលេងស្រុកខ្មែរ តែសព្វថ្ងៃនេះ យើងមានឱកាសឱ្យភ្ញៀវស្នាក់នៅនិងចំណាយលុយដែលភ្ញៀវមាននៅស្រុកខ្មែរស៊ឹងតែទំាងអស់ ហើយនេះក៏ជាក្តីបំណងចង់បានរបស់ពួកយើងដែលប្រកបអាជីវកម្មនៅក្នុងវិស័យទេសចរណ៍ផងដែរ”។
បើតាមអ្នកជំនាញខាងលើ នៅពេលដែលកម្ពុជាមិនទាន់មានអាកាសយានដ្ឋាន អាចទទួលយន្តហោះខ្នាតធំៗបាន ក្រុមហ៊ុន ដែលរកស៊ីជាមួយវៀតណាម ថៃ ចំាបាច់ទាមទារឱ្យចុះនៅប្រទេសគេ ដើរលេងនៅប្រទេសគេអស់ហើយទើបចូលមកកម្ពុជា។ តែបើថ្ងៃក្រោយកម្ពុជាមានការហោះហើរត្រង់គឺមានភាពងាយស្រួលសម្រាប់ភ្ញៀវដែលចង់មកលេងតែស្រុកខ្មែរមិនចង់ទៅលេងនៅផ្សេង។
លោកលើកឡើងថា “ក្រសួងទេសចរណ៍គួរជំរុញឱ្យមានការរៀបចំក្រុមទេសរណ៍ខ្នាតអន្តរជាតិសំខាន់ៗ កុំឱ្យយើងពឹងផ្អែក ការដង្ហើមដកពីក្រុមហ៊ុនឬប្រទេសជិតខាង ព្រោះកន្លងមកយើងពឹងប្រទេសជិតខាង សល់ពីគេទើបមកដល់យើង អីចឹងយើងចង់ឱ្យមានក្រុមហ៊ុនទេសចរណ៍ខ្លួនឯង”។
គួរំលឹកផងដែរថា កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ បានសាកល្បងបើទទួលបានការហោះហើរចូលចំនួន១០ជើង ហើយការដាក់ឱ្យដំណើរសាកល្បងនេះរំពឹងថានឹងទទួលបានការទាក់ទាញទៅដល់ការហោះហើរចូលត្រង់ពីតំបន់ផ្សេងៗ បើផ្អែកតាមអាកាសយានដ្ឋានសៀមរាបអង្គរថ្មីមួយនេះ។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានវិនិយោគទឹកប្រាក់ចំនួន ១,១០០លាន ដុល្លារអាមេរិក មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ ចំណតមានសមត្ថភាពទទួលអ្នកដំណើរតាមផ្លូវអាកាសបាន៧លាននាក់ក្នុងឆ្នាំ២០២៤ និង១២លាននាក់ក្នុងឆ្នាំ២០៤០ខាងមុខមានសមត្ថភាពផ្ទុកទំនិញតាមផ្លូវអាកាសបានចំនួន១០,០០០តោនក្នុងឆ្នាំ២០២៤ និង២៦,០០០ តោនក្នុងឆ្នាំ២០៤០ខាងមុខ អាចទទួលជើងហោះហើរបានចំនួន ៦៥,៨០០ជើងក្នុងឆ្នាំ២០២៤ និង១១២,៧០០ ជើង ក្នុងឆ្នាំ ២០៤០៕ អត្ថបទ៖ សារេត