រាជ្ជទាយាទអារ៉ាប៊ីសាអូឌីត ប្តេជ្ញាចិត្តលើកកម្ពស់វិស័យពាណិជ្ជកម្ម, វិនិយោគ និងថាមពលជាមួយកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រៅកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជួបពិភាក្សាការងារជាមួយព្រះអង្គម្ចាស់ Mohammed Bin Salman Bin Abdulaziz Al Saud រជ្ជទាយាទ និងជានាយករដ្ឋមន្ត្រីអារ៉ាប៊ីសាអូឌីត កាលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះ ព្រះអង្គម្ចាស់ មហាម៉េដ ប៊ិន សាល់ម៉ាន់ បានជម្រាបជូនសម្តេចធិបតី ហ៊ុន ម៉ាណែត អំពីទិសដៅប្រកបដោយសក្តានុពលក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត សំដៅឈានទៅបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់មួយចំនួន ជាអាទិ៍ វិស័យពាណិជ្ជកម្ម, វិនិយោគ, ថាមពល និងវិស័យសក្តានុពលដទៃទៀត ដើម្បីសម្រេចបាននូវផលប្រយោជន៍រួមសម្រាប់ប្រទេស និង ប្រជាជនទាំងពីរ ។ 

ជាការឆ្លើយតបសម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អារ៉ាប៊ីសាអូឌីត ដូចដែលឆ្លុះបញ្ចាំងតាមរយៈការសម្រេចបង្កើតស្ថានឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅកម្ពុជាជាដើម ។ 

សូមជម្រាបជូនថា ឆ្លងតាមកិច្ចពិភាក្សានេះ នាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ បានបង្ហាញនូវការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងបន្ថែមទៀត ដោយបានឯកភាពលើទិសដៅនៃការបង្កើតយន្តការទ្វេភាគី ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលមួយចំនួន ដូចជា វិស័យពាណិជ្ជកម្ម, វិនិយោគ, និងវិស័យផ្សេងៗទៀត ដែលជាផលប្រយោជន៍រួម៕