លោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) បានលើកបង្ហាញពីចក្ខុវិស័យរបស់ក្រុមហ៊ុន ក្នុងការពង្រីករោងចក្ររបស់ខ្លួនដែលមានទីតាំងក្នុងក្រុងបាវិត ឱ្យកាន់តែមានទំហំធំ ដើម្បីពង្រីកច្រវាក់ផលិតកម្មបន្ថែម។
ការលើកឡើងពីតំណាងក្រុមហ៊ុនខាងលើ បានធ្វើឡើងក្នុងពេលជួបពិភាក្សាការងារ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើដំណើរទៅកាន់ទីក្រុងហ្សិនចិន (Shenzhen) ដែលជាទីក្រុងឧស្សាហ៍កម្មបច្ចេកវិទ្យាដ៏ធំរបស់ចិន កាលព្រឹកថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣។
ថ្លែងក្នុងជំនួបនោះ លោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការយកចិត្តទុកដាក់ជាខ្លាំង និងបានផ្តល់ឱកាសឱ្យក្រុមហ៊ុនមានលទ្ធភាពក្នុងការពង្រីកច្រវាក់ផលិតកម្មរបស់ខ្លួនបានយ៉ាងឆាប់រហ័ស។
លោកស្រីបន្តថា៖«សម្រេចគោលដៅទៅថ្ងៃខាងមុខ ក្រុមហ៊ុនបានបង្ហាញអំពីចក្ខុវិស័យ ក្នុងការពង្រីករោងចក្ររបស់ខ្លួនដែលមានទីតាំងក្នុងក្រុងបាវិត ឱ្យមានទំហំធំដូចរោងចក្រក្នុងទីស្នាក់ការកណ្តាលទីក្រុង Shenzhen នេះផងដែរ»។
ជុំវិញការលើកឡើងនេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន XDS Bicycle ដែលសម្រេចចិត្តចូលមកវិនិយោគបង្កើតរោងចក្រនៅកម្ពុជា រហូតបច្ចុប្បន្ននេះ បានផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋប្រមាណ ១,៤០០នាក់រួចមកហើយ។
ដោយលោកឧបនាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យក្រុមហ៊ុនលើកជាសំណូមពរ និងបង្ហាញនូវបញ្ហាប្រឈមដែលក្រុមហ៊ុនកំពុងជួប ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជាចូលរួមដោះស្រាយ ក្នុងទិសដៅជម្រុញឱ្យក្រុមហ៊ុនវិនិយោគពង្រីករោងចក្របន្ថែមទៀតនៅកម្ពុជា ព្រមទាំងអាចប្រែក្លាយជាមជ្ឈមណ្ឌលនៃឧត្តមភាព (Center of Excellence) នៅក្នុងតំបន់ និងនៅលើពិភពលោក ដើម្បីបង្កើតការងារបន្ថែមដល់ប្រជាពលរដ្ឋកម្ពុជា។
គួរបញ្ជាក់ដែរថា តាមរយៈជំនួបនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានឆ្លៀតយកឱកាសនេះផ្តួចផ្តើមគំនិតឱ្យមានរៀបចំការជិះកង់របស់ក្រុមហ៊ុនខាងលើ (XDS Bike Tour) នៅក្នុងខេត្តសៀមរាប ដើម្បីគោលដៅសំខាន់ៗចំនួន ៤ រួមមាន៖ ១) ផ្សព្វផ្សាយអំពីការវិនិយោគរបស់ក្រុមហ៊ុន XDS នៅកម្ពុជា, ២) ផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ៣) ផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុន និង៤) រៃអង្គាសថវិកាជូនដល់មន្ទីរពេទ្យកុមារអង្គរផងដែរ៕