តំណាងមន្រ្តីជាន់ខ្ពស់មកពីក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ចំនួន ១០ បានបើកិច្ចចរចាររួមគ្នា ជាមួយតំណាងជាន់ខ្ពស់រដ្ឋាភិបាលអាល្លឺម៉ង់ ដោយផ្តោតកិច្ចចរចារលើគោលដៅចម្បងចំនួន៣ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចំរើនថែមទៀត។
កិច្ចចរចារវាងតំណាងជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងតំណាងជាន់ខ្ពស់រដ្ឋាភិបាលអាល្លឺម៉ង់នេះ បានធ្វើឡើងកាលថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងបោន នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
កិច្ចចរចារនេះ បានធ្វើឡើងក្រោមវត្តមាន លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈប្រតិភូកម្ពុជា ព្រមទាំងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធពីក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ចំនួន ១០ រួមមាន៖ ក្រសួងមហាផៃ្ទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងបរិស្ថាន, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ, និងធនាគារជាតិនៃកម្ពុជា។
រីឯប្រតិភូអាល្លឺម៉ង់ គឺដឹកនាំដោយ លោកបណ្ឌិត Andreas Pfeil ប្រធានផ្នែកអាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) និងមានការចូលរួមពី លោកជំទាវ Bärbel Kofler សមាជិកសភានៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។
លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈប្រតិភូកម្ពុជា បានឱ្យដឹងថា៖ «គោលដៅចម្បងនៃកិច្ចចរចារវាងកម្ពុជា-អាល្លឺម៉ង់ គឺបានផ្តោតសំខាន់លើចំនុចធំៗចំនួន៣ គឺ១. ពិនិត្យវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ២. ពិភាក្សាលើវិស័យអាទិភាពនានានៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និង៣.តម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគត» ។
គួរបញ្ជាក់ដែរថា បើតាមក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអាល្លឺម៉ង់ក្នុងឆ្នាំ២០២២ សម្រេចបានប្រមាណ ១,២៤៦.៩០ លានដុល្លារអាម៉េរិក បានកើនឡើងប្រមាណ ១៩,២៥% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ កម្ពុជានាំចេញមុខទំនិញសំខាន់ៗទៅអាល្លឺម៉ង់ដូចជា៖ សម្លៀកបំពាក់ ទោចក្រយានយន្ត ស្បែកជើង ធញ្ញជាតិ កាហ្វេ មួក ឆ័ត្រ និងគ្រឿងម៉ាស៊ីនអគ្គិសនីជាដើម រីឯកម្ពុជានាំចូលមុខទំនិញសំខាន់ៗពីអាល្លឺម៉ង់ដូចជា៖ គ្រឿងបន្លាស់ម៉ាស៊ីន ផលិតផលធ្វើពីម្សៅ ឱសថ កាកសំណល់ចំណីកែច្នៃសម្រាប់ផលិតចំណីសត្វ និងទំនិញដទៃទៀត។
យ៉ាងណាមិញ តាមរយៈកិច្ចចរចារខាងលើនេះ កម្ពុជា-អាល្លឺម៉ង់ បានបង្ហាញក្តីរំពឹងថា ទំហំពាណិជ្ជកម្មទ្វេភាគី នឹងកាន់តែហក់ខ្លាំងថែមទៀត៕ អត្ថបទ៖ រង្សី