ក្រុមហ៊ុនដ៏ធំរបស់ចិន សម្រេចចិត្តនឹងសិក្សាលម្អិតបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនផលិតកង់រថយន្តដ៏ធំមួយរបស់ប្រទេសចិន Wanli Tires បានសម្រេចចិត្តនឹងសិក្សាលម្អិត ដើម្បីពិនិត្យលទ្ធភាពបើករោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួននៅកម្ពុជា។ នេះបើយោងតាមជំនួបលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជួបពិភាក្សាការងារជាមួយលោក Jing Guangjun នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group ( GIIHG) ដែលជាសមាជិករបស់ក្រុមហ៊ុនធំបំផុត៥០០ នៅលើពិភពលោក (Fortune 500) និងមានក្រុមហ៊ុន Wanli Tires ដែលផលិតកង់រថយន្តដ៏ធំរបស់ចិនជាបុត្រសម្ព័ន្ធ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុង Guangzhou ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងទិសដៅដើម្បីជំរុញ ឱ្យក្រុមហ៊ុនសម្រេចចិត្តចូលមកវិនិយោគនៅកម្ពុជា លោក ស៊ុន ចាន់ថុល បានលើកបង្ហាញពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ដែលកើនជាមធ្យម៧%ជារៀងរាល់ឆ្នាំ។ បន្ថែមពីនេះ ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេសដែលកម្ពុជាបាននិងកំពុងអភិវឌ្ឍនិងចាត់ទុកជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្តសម្រាប់វិនិយោគិនរួមមាន អាកាសយានដ្ឋានថ្មីខេត្តសៀមរាប អាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅជាដើម។

ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ និងភាពរីកចម្រើនរបស់កម្ពុជា លោកក៏បានជម្រាបជូនក្រុមហ៊ុន ពីវិនិយោគិនដែលធ្លាប់ទទួលបានជោគជ័យ លើការដាក់បណ្ដាក់ទុនផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជាផងដែរ។

បន្ទាប់បានស្តាប់ការពន្យល់របស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លោក Jing Guangjun បានសម្តែងនូវការស្ងប់ស្ងែងចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចកម្ពុជា ពិសេសការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើនដើម្បីគាំទ្រដល់ការអភិវឌ្ឍនៃសង្គមកម្ពុជា។ ដោយមើលឃើញនូវភាពរីកចម្រើនជារួមរបស់កម្ពុជា និងតបតាមការជម្រុញលើកទឹកចិត្តរបស់លោក ស៊ុន ចាន់ថុល ក្រុមហ៊ុនបានធ្វើការសម្រេចចិត្តនឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តនៅប្រទេសកម្ពុជា។

តាមរយៈការបង្ហាញឆន្ទះយ៉ាងមុតមាំ របស់ក្រុមហ៊ុនក្នុងការសិក្សាលម្អិតឧបនាយករដ្ឋមន្ត្រីអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅដល់ ក្រុមហ៊ុន ដែលមានបំណងជ្រើសរើសយកប្រទេសកម្ពុជា ដើម្បីវិនិយោគសាងសង់រោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួន។ ក្នុងនោះ លោកនឹងព្យាយាមផ្តល់ការសម្របសម្រួលលើការសិក្សារបស់ក្រុមហ៊ុន ដើម្បីអាចឱ្យក្រុមហ៊ុនចាប់ផ្តើមការវិនិយោគ សាងសង់រោងចក្រ និងផលិតសំបកកង់ទី១របស់ខ្លួននៅកម្ពុជា ឱ្យបានលឿនបំផុត៕