មន្ទីរពេទ្យ «តេជោសន្តិភាព» ត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃទី២៤ ខែតុលា ក្រោមវត្តមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ទាក់ទិននឹងវត្តមានមន្ទីពេទ្យខាងលើ ថ្លែងនាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមន្ទីរពេទ្យ «តេជោសន្តិភាព»នេះ គឺជាសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាល សម្រាប់បម្រើសេវាព្យាបាលសុខភាពសារធារណៈដល់ប្រជាពលរដ្ឋទូទាំងប្រទេស។
ខណៈសម្តេចធិបតី ក៏បានសង្ឃឹមដែរថា«មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នឹងទទួលបាននូវសេវាសុខាភិបាលប្រកបដោយគុណភាព ខណៈមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា អាចដាក់គ្រែអ្នកជំងឺបានរហូតដល់ជិត១ម៉ឺនគ្រែ»។
សូមជម្រាបដែរថា មន្ទីរពេទ្យជាតិ «តេជោសន្តិភាព» ដែលស្ថិតនៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការសាងសង់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ លើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ហើយបានប្រើពេលបញ្ចប់ការសាងសង់ស្ថាពរក្នុងរយៈពេលត្រឹមរយៈពេល ១២ ខែ។
មន្ទីរពេទ្យជាតិនេះ មានគ្រែសរុបទាំងអស់ចំនួន ៩,៤៩៦គ្រែ។ ក្នុងនោះគ្រែសម្រាកព្យាបាលសម្រាប់អ្នកជំងឺមានចំនួនសរុប ៩,២៤៤គ្រែ គ្រែសម្រាប់គ្រូពេទ្យប្រចាំការចំនួន ៤៦គ្រែ និងគ្រែសម្រាប់បុគ្គលិកស្នាក់នៅចំនួន ២០៦គ្រែ។
កាលពីពេលកន្លងទៅ អតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកឡើងថា «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» នឹងក្លាយជាមន្ទីរពេទ្យដ៏ធំជាងគេនៅកម្ពុជា ដោយមានបំពាក់សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើបៗស្របតាមលក្ខណៈស្តង់ដារ។ មន្ទីរពេទ្យនេះអាចផ្តល់សេវាព្យាបាលគ្រប់ផ្នែកទាំងអស់ ដែលមានគ្រែសម្រាកព្យាបាលដល់ទៅជិត ១ម៉ឺនគ្រែ។
សម្តេចតេជោ បានថ្លែងថា មន្ទីរពេទ្យជាតិតេជោសន្តិភាព បើធៀបនឹងមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត គឺធំជាង ១០ដង ខណៈមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ទទួលបានអ្នកជំងឺតែ ១ពាន់គ្រែ សូម្បីចំណតរថយន្តក៏ធំជាងមន្ទីរពេទ្យនោះទៀត។
ជាងនេះទៀត សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានជំរុញឱ្យបងប្អូនកម្មករ កម្មារិនី ដែលមានជំងឺ សូមទៅពិនិត្យ ឫក៏ព្យាបាលជំងឺនៅមន្ទីរពេទ្យនេះ ដោយមិនគិតថ្លៃផងដែរ៕ អត្ថបទ៖ រង្សី