សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវអ្នករកស៊ីក្នុងវិស័យសុខាភិបាលចូលរួមលើកកម្ពស់គុណភាពផលិតផលរបស់ខ្លួន

សង្គម​ និង​សេដ្ឋកិច្ច

នៅចំពោះមុខមហាជន ក្រុមគ្រូពេទ្យ អង្គទូតនានាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» នាព្រឹកថ្ងៃទី២៤ ខែតុលានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើការអំពាវនាវដល់វិស័យឯកជនក្នុងវិស័យសុខាភិបាល អាជីវករលក់ឱសថ ផលិតផលបំប៉នសុខភាព ចំណីអាហារជាដើម ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពផលិតផលរបស់ខ្លួន សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈទាំងអស់គ្នា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងយ៉ាងថា៖ «សុវត្ថិភាពថ្នាំសង្កូវ ចំណីអាហារ គឺជារឿងសំខាន់ណាស់ ព្រោះគ្រប់គ្នាជាអ្នកប្រើប្រាស់ផលិតផល ទទួលទានអាហារ ទទួលថ្នាំសង្កូវ។ អ៉ីចឹងទាំងអស់គ្នាប្រាកដជាគិតហើយថា អ្វីដែលទិញពីផ្សារ តើហូបដោយសុវត្ថិភាពទេ? អ្វីដែលយកពីឱសថស្ថាន ពីមណ្ឌលសុខភាព ពីគ្រូពេទ្យដែលឱ្យមក តើហូបទៅវាអាចបង្កើតបញ្ហាអ្វីផ្សេងៗ ក្រៅពីជួយសុខភាពឬក៏អត់? ដូច្នេះការរួមគ្នានេះ ទាំងអ្នកទិញ ទាំងអ្នកលក់ ទាំងរាជរដ្ឋាភិបាល សុទ្ធតែមានគោលដៅតែមួយនោះទេ»។

ក្នុងន័យនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យក្រសួងសុខាភិបាលបង្កើតភាពប្រទាក់ក្រឡាគ្នាជាមួយវិស័យឯកជន មិនថាបុគ្គលស្វ័យនិយោជន៍ មន្ទីរពេទ្យឯកជន គណៈគ្រូពេទ្យ គណៈឱសថ និងគណៈក្រុមផ្សេងៗ ចូលរួមលើកកម្ពស់គុណភាពផលិតផល និងចំណីអាហារ សំដៅបង្កើនប្រសិទ្ធភាពគាំពារសុខុមាលភាពសាធារណៈ។

បើតាមសម្ដេចធិបតី រាជរដ្ឋាភិបាល ក្រសួងពាក់ព័ន្ធត្រូវធ្វើយ៉ាងណាដើម្បីឈានទៅរកភាពជាដៃគូ និងបង្កើនការទទួលខុសត្រូវរបស់វិស័យឯកជន សមាគម គណៈ ឬបុគ្គលស្វ័យនិយោជន៍ ចូលរួមលើកកម្ពស់សុខុមាលភាពរបស់អ្នកប្រើប្រាស់ ហើយម្ចាស់អាជីវកម្មក៏អាចបន្តការលក់ដូរប្រកបដោយភាពស្របច្បាប់ផងដែរ។

បន្ថែមទៀតនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «មន្ទីរពេទ្យជាកន្លែងសង្គ្រោះជីវិតអ្នកជំងឺ ជាទីពឹងរបស់ពលរដ្ឋ»។ ទន្ទឹមនឹងនេះ សម្តេចធិបតីស្នើឲ្យប្រធានពេទ្យ និងបុគ្គលិកសុខាភិបាលទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ចំពោះអ្នកជំងឺ នៅគ្រប់កន្លែងទាំងអស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់បន្ថែមថា គោលដៅរដ្ឋ និងឯកជនតែមួយទេ គឺផ្តល់សេវាដល់ប្រជាពលរដ្ឋ អ្នកដែលឈឺព្យាបាលឱ្យជា អ្នកដែលមិនទាន់ឈឺគឺប៉ូវកម្លាំងគាត់ឲ្យរឹងមាំ សុវត្ថិភាពចំណីអាហារ និងថ្នាំសង្កូវ ជារឿងសំខាន់ណាស់៕