រាជរដ្ឋាភិបាលកម្ពុជា សម្រេចចាត់តាំងសមាសភាពសម្រាប់ដឹកនាំគណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល ចំនួន ៣៥រូបមកពីតាមបណ្តាក្រសួងស្ថាប័ន។ សមាសភាពគណៈកម្មាធិការនេះដឹកនាំដោយប្រធាន១រូប និងអនុប្រធានចំនួន ៥រូប។
បើតាមសេចក្តីសម្រេចចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានចាត់តាំងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធាន និងលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោក ហម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធាន។
សម្រាប់សមាជិកនៃគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថលនេះផងដែរក៏មានលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ, លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ព្រមទាំងតំណាងក្រសួងមហាផ្ទៃ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួរ៉ែនិងថាមពល, ក្រសួងផែនការ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងព័ត៌មាន, ក្រសួងយុត្តិធម៌, ក្រសួងសុខាភិបាល, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, ក្រសួងទេសចរណ៍, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងមុខងារសាធារណៈ, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ,អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, គណៈកម្មាធិការសេដ្ឋកិច្ចនិងធុរកិច្ចឌីជីថល (សមាជិកអចិន្ត្រៃយ៍), ធនាគារជាតិនៃកម្ពុជា, និយ័តករមូលបត្រកម្ពុជា, និយ័តករសន្តិសុខសង្គម, និយ័តករបរធនបាលកិច្ច, និយ័តករគណនេយ្យនិងសវនកម្ម, និយ័តករធានារ៉ាប់រងកម្ពុជា, និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចំ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
សូមជម្រាបជូនថា ដើម្បីធានាបាននូវការជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និង ការលើកកម្ពស់សុខុមាលភាពសង្គមក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានបង្កើត «ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល» ដែលហៅកាត់ថា ក.ស.ឌ. ដែលមានតួនាទី ក្នុងការដឹកនាំ សម្របសម្រួល និង ជំរុញការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញ ការទទួលយក និង បរិវត្តកម្មឌីជីថលនៅគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន កាលពីឆ្នាំ២០២១កន្លងទៅ។
ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល នេះមានគណៈកម្មាធិការជំនាញ ៣ ដែលជាសេនាធិការទទួលបន្ទុកការងារបច្ចេកទេស រួមមាន៖ ទី១ គណៈកម្មាធិការសេដ្ឋកិច្ច និង ធុរកិច្ចឌីជីថល ទី២ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងទី៣ គណៈកម្មាធិការសន្តិសុខឌីជីថល។
ជាមួយគ្នានោះដែរ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បំពេញមុខងារជាសេនាធិការការងារបច្ចេកទេសជូនក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមឌីជីថល នៅក្នុងការដឹកនាំសម្របសម្រួល និងការជំរុញ ការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ចធុរកិច្ច និងសង្គមឌីជីថលនៅកម្ពុជា៕