៤ប្រទេសមកចូលរួមវេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា ផ្តល់ឱកាសដល់អ្នករកស៊ីកសាងទំនាក់ទំនងធ្វើពាណិជ្ជកម្មរួមគ្នា

សង្គម​ និង​សេដ្ឋកិច្ច

ការរៀបចំវេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជានេះឡើងដែលជាការផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងការកសាងទំនាក់ទំនង និងពង្រីកការធ្វើពាណិជ្ជកម្មលើវិស័យត្រចៀកកាំប្រកបដោយទំនុកចិត្ត និងបង្កលក្ខណៈឱ្យមានការផ្លាស់ប្តូរយោបល់ក្នុងការពង្រឹងវិស័យជួញដូរសំបុកត្រចៀកកាំនេះឡើងមួយកំរិតទៀត។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីបិទ វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជា និងបើក កម្មវិធីរាត្រីស្រមោសរត្រចៀកកាំកម្ពុជា កាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២៣ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញ និងលើកទឹកចិត្ត ដល់សមាគមអ្នកផលិត អ្នកនាំចេញ និងអ្នកពាក់ព័ន្ធក្នុងវិស័យសំបុកត្រចៀកកាំកម្ពុជា បន្តសហការនិងចាប់ដៃគ្នាជាមួយពាណិជ្ជករផ្គត់ផ្គង់សំបុកត្រចៀកកាំធំៗដូចជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ដើម្បីបន្តពង្រឹងគុណភាព បង្កើនបរិមាណផលិត ការធានាបាននូវសិ្ថរភាពនៃការផ្តត់ផ្តង់ និងការបំពេញបានតាមលក្ខខណ្ឌ និងនីតិវិធីតម្រូវនានាសម្រាប់ការនាំចេញទៅទីផ្សារអន្តរជាតិ។ 

ប្រធានសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា លោកស្រី វ៉ា សុជិន មានប្រសាសន៍ថា«វេទិកាធុរកិច្ចសំបុកត្រចៀកកាំកម្ពុជាគឺជាវេទិកាលើកដំបូង អាចនិយាយបានថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយសម្រាប់វិស័យត្រចៀកកាំកម្ពុជា ដែលត្រូវបានផ្តួចផ្តើមឡើងដោយសមាជិក សមាជិកានៃសមាគមអ្នកផលិត និងនាំចេញសំបុកត្រចៀកកាំកម្ពុជា ដើម្បីផ្សព្វផ្សាយពីវិស័យសំបុកត្រចៀកកាំកម្ពុជា ឱ្យកាន់តែទូលំទូលាយទៅកាន់ទីផ្សារក្នុងស្រុក និងអន្តរជាតិ, កសាងទំនាក់ទំនងរវាងពាណិជ្ជករក្នុងស្រុក និងអន្តរជាតិ ដើម្បីឈានដល់ការធ្វើពាណិជ្ជកម្មជាមួយគ្នាប្រកបដោយទំនុកចិត្ត បង្កើតឱកាសឱ្យវិស័យពាក់ព័ន្ធចូលរួមគាំទ្រ និងទទួលបានផលប្រយោជន៍ តាមរយៈការបង្ហាញនូវផលិតផល និងសេវាកម្មរបស់ខ្លួន និងស្វែងរកការគាំទ្រពីរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីសម្របសម្រួលក្នុងការនាំចេញ នាំចូលផលិតផលត្រចៀកកាំដោយស្របច្បាប់»។

គួរបញ្ជាក់ផងដែរថា វេទិកានេះមានការចូលរួមពីសមាគមត្រចៀកកាំមកពីប្រទេសកម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី និងចិន ក្នុងគោលបំណងជំរុញការនាំចេញសំបុកត្រចៀកកាំកម្ពុជា ដោយផ្តល់ឱកាសជូនអាជីវករ និងពាណិជ្ជករជាតិ និងអន្តរជាតិក្នុងវិស័យសំបុកត្រចៀកកាំ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ស្វែងរកដៃគូអាជីវកម្ម និងបង្កើនការនាំចេញសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈវេទិកាធុរកិច្ចដ៏សំខាន់នេះ៕ អត្ថបទ៖សារេត