លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minebea បានបង្ហាញពីការប្តេជ្ញាចិត្តថា ក្រុមហ៊ុន Minebea នឹងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា ខណៈទុនវិនិយោគរបស់ខ្លួននៅកម្ពុជា បានកើនដល់ ៦០០ លានដុល្លារអាម៉េរិក។ការថ្លែងដូច្នេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត កាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

នាឱកាសនោះ លោក កៃនុម៉ា យ៉ូស៊ីហ៊ីសា អគ្គនាយកក្រុមហ៊ុន Minebea បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ខណៈលោកក៏បានជម្រាបជូនអំពីការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន Minebea ក្នុងនាមជារោងចក្រផលិតគ្រឿងបង្គុំផងដែរ។
លោកបន្តថា៖«ក្រុមហ៊ុន បានបន្តបោះជំហានទៅមុខឥតឈប់ឈរឆ្ពោះទៅការប្រែក្លាយជាក្រុមហ៊ុនបៃតង (Green Transformation GX) ដោយព្យាយាមកាត់បន្ថយនូវការបំភាយឧស្ម័នកាបូនិច ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូល ហើយបានប្រែក្លាយខ្លួនឱ្យទៅជាអព្យាក្រឹត្យកាបូន តាមរយៈការជម្រុញនូវការលក់ផលិតផលបៃតង និងផលិតផលផ្សេងៗទៀត ដែលមានលក្ខណៈសន្សំសំចៃថាមពល រួមទាំងផែនការអនាគតក្នុងបង្កើតកសិដ្ឋានផលិតថាមពលដោយពន្លឺព្រះអាទិត្យ និងការបង្កើតរោងចក្រថ្មីនៅក្នុងប្រទេសកម្ពុជាផងដែរ»។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះជំនួបនេះ ខណៈសម្តេចធិបតី ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃការវិនិយោគរបស់ក្រុមហ៊ុន Minebea នៅកម្ពុជា ដោយចាប់ផ្តើមពីដើមទុនប្រមាណ ២៣ លានដុល្លារ រហូតបានកើនដល់ ៦០០ លានដុល្លារ ហើយការសម្រេចចិត្តពង្រីកការវិនិយោគនេះ ពិតជាបានស្តែងឱ្យឃើញនូវទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះស្ថិរភាពរបស់ប្រទេសកម្ពុជា។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុន Minebea នៅក្នុងដំណើរអភិវឌ្ឍរបស់កម្ពុជា តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារសម្រាប់ប្រជាជន ក៏ដូចជាការបង្កើតនូវគំរូស្តង់ដារល្អនៃលក្ខខណ្ឌការងារសម្រាប់កម្មករ-និយោជិត។
យ៉ាងណាមិញ សម្តេចធិបតី នាឱកាសនោះ ក៏បានអះអាងដែរថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់ការវិនិយោគរបស់ក្រុមហ៊ុន Minebea ពីព្រោះជោគជ័យរបស់ Minebea ក៏ជាជោគជ័យរបស់កម្ពុជា ដូចគ្នា៕ អត្ថបទ៖ រង្សី