នៅឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយថវិកាសរុបប្រមាណ ៣៨ ៨២៩ប៊ីលានរៀល ក្នុងនោះ ថវិកាចំណាយនៅថ្នាក់ជាតិ ៣៤ ៤៩៣ប៊ីលានរៀល និងចំណាយនៅថ្នាក់ក្រោមជាតិប្រមាណ ៤ ៣៣២ប៊ីលានរៀល។នេះបើយោងតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដែលត្រូវគណៈរដ្ឋមន្ត្រីអនុម័តក្នុងសម័យប្រជុំពេញអង្គ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។
សេចក្តីព្រាងច្បាប់ បានបង្ហាញថា ថវិកាដែលចំណាយនៅថ្នាក់ក្រោមជាតិ ឆ្នាំ២០២៤ មានចំនួន ៣៤ ៤៩៧ប៊ីលានរៀល ត្រូវជា ២៤,១៣% នៃផ.ស.ស. ថយចុះ ៥,៨% ធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣ និងចំណាយនៅថ្នាក់ក្រោមជាតិ ៤ ៣៣២ប៊ីលានរៀល សមាមាត្រស្មើនឹង ១១,៧% នៃចំណាយថវិការដ្ឋសរុបប្រមាណ៣,០៣% នៃ ផ.ស.ស. កើនឡើង៦,៦%បើធៀបនឹងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៣។ជាការកត់សម្គាល់ សម្រាប់ឆ្នាំ២០២៤ វិស័យសង្គមកិច្ចនៅតែជាអទិភាពក្នុងការចំណាយ ដូចជា ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា។
សេចក្តីព្រាងច្បាប់ដដែលបានឱ្យដឹងថា ថវិកាឆ្នាំ ២០២៤ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយ សម្រាប់ឱ្យរាជរដ្ឋាភិបាលអាចឆ្លើយតបនឹងបណ្ត ប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស ដែលត្រូវបានរៀបចំឡើងដោយប្រកាន់យកនូវជំហាន នៃការអនុវត្តគោលជំហរពង្រឹងប្រសិទ្ធភាពថវិកា ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើ មនុស្ស សមត្ថភាព ស្ថាប័ន ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល ហើយអាចប្រសិទ្ធនាមបានថា ជាថវិកាយុទ្ធសាស្ត្រ នៃការរក្សាសមិទ្ធផលដែលសម្រេចបានដោយលំបាក និងការបន្តបុកគ្រឹះថ្មីៗ ឆ្ពោះទៅសម្រេចគោលដៅសំខាន់ៗ នៃកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
រាជរដ្ឋាភិបាល បានលើកឡើងថា ក្របខណ្ឌថវិកាឆ្នាំ២០២៤ ជាកត្តាកំណត់ នៃភាពជោគជ័យរបស់រាជរដ្ឋាភិបាល និងបានស្នើស្ថាប័នទាំងអស់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយ សម្ដេចធិបតី បានចាត់ទុកឆ្នាំ២០២៤ ជាឆ្នាំសម្រាប់វាយតម្លៃអំពីការចំណាយរបស់រាជរដ្ឋាភិបាល ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់៕