យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ចង់ឃេីញលទ្ធផលជាក់ស្តែង

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានថ្លែងថា​ នៅក្នុងអាណត្តិទី៧នេះ​ អ្វីដែលសំខាន់បំផុតគឺការពង្រឹងប្រព័ន្ធយុត្តិធម៌​ គឺជាអាទិភាពចម្បង។ សម្តេច​ធិបតី​គូសបញ្ជាក់​ថា​ ការដោះស្រាយ​ និងរៀបចំពង្រឹងប្រព័ន្ធយុត្តិធម៌​ ត្រូវឆ្លេីយតបទៅនឹងប្រជាជន​ ធ្វេីយ៉ាងណាឲ្យបានលទ្ធផលជាក់ស្តែង​ ពោលគឺមិនសំខាន់នៅក្រដាស់នោះទេ​ គឺធ្វេីយន្តការយ៉ាងណាឲ្យចេញនៅលេីដី។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេច​ធិបតី​សង្ឃឹម​ថា​ ការរៀបចំអាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការនេះ​ នឹងចូលរួមចំណែកផ្តល់យុត្តិធម៌​និងបង្កេីតសុខដមរមនានៅក្នុងសង្គម។ សម្តេចធិបតីនាយករដ្ឋមន្រ្តី​ បានលេីកឡេីងបែបនេះក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សាឆ្លងរបៀបវារៈចំនួន៤សំខាន់ៗ​ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣ នៅវិមានសន្តិភាព។ 

របៀបវារៈចំនួន៤ ក្នុងនោះក៏មានសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ ដែលមាន៦ជំពូក និង២២មាត្រា ដើម្បីជាយន្តការបំពេញបន្ថែមឱ្យប្រព័ន្ធដោះស្រាយ វិវាទនៅកម្ពុជា សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងភាពឆាប់រហ័ស នៃការដោះស្រាយវិវាទ តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះសំណុំរឿងនៅ តាមសាលាជម្រះក្តី បង្ខិតការដោះស្រាយវិវាទឱ្យកាន់តែកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន ធានានូវភាពសុខដុមរមនា និងយុត្តិធម៌ក្នុងសង្គមជាតិ។

សេចក្តីព្រាងព្រះរាជក្រឹត្យនេះបានបញ្ជាក់ថា រាល់ដំណោះស្រាយវិវាទត្រូវតែគោរពតាមឆន្ទៈយល់ព្រមដោយសេរី និងដោយស្ម័គ្រចិត្ត ពីភាគីវិវាទ។ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សរសេរកាត់ថា អ.ដ.ក. មានសមាសភាព ឧបនាយករដ្ឋមន្ត្រី ១រូប ជាប្រធាន អមដោយអនុប្រធាន ៤រូប (ទេស រដ្ឋមន្ត្រី ១រូប រដ្ឋមន្ត្រីក្រសួងអធិការកិច្ច រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ១រូប និងរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ១រូប) និងមានសមាជិកមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតដោយមានអគ្គលេខាធិការដ្ឋានមួយជាសេនាធិការ។

ក្នុងដំណើរការពិនិត្យ និងពិភាក្សា សេចក្តីព្រាងព្រះរាជក្រឹត្យនេះដែរ សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់បន្ថែមថា យន្តការនេះមិនមែនជាការជំនួសប្រព័ន្ធតុលាការទេ ប៉ុន្តែជាជម្រើសបន្ថែម និងដោយស្ម័គ្រចិត្តជូនប្រជាពលរដ្ឋ ពុំមាន ការបង្ខិតបង្ខំ ដើម្បីនាំមកនូវសុខដុមនីយកម្មក្នុងសង្គមខ្មែរ។ អត្ថបទ​៖​ អក្ខរា​