ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូត អមដោយមន្ត្រីការទូតកម្ពុជា នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ បានចូលជួបសម្តែងការគួរសម និងជួបប្រជុំការងារជាមួយឯកឧត្តម សុឆាត ឈុំគ្លិន រដ្ឋមន្ត្រីក្រសួងការងារថៃ នៅទីស្តីការក្រសួងការងារថៃ និងមានការចូលរួមពីក្រសួងពាក់ព័ន្ធ អាជ្ញាធរខេត្ត ស្រុករបស់ថៃ។ ស្ថានទូតបានស្នើសុំ៤ចំនុចទៅរដ្ឋមន្ត្រីក្រសួងការងារថៃ ដូចខាងក្រោម៖
១-ស្នើសុំភាគីថៃជួយសម្រួលដល់ពលករកម្ពុជាដែលបានដំណើរការចូលមកធ្វើការក្នុងប្រទេសថៃតាមប្រពន្ធ័MoU ប៉ុន្តែមិនទាន់បានដំណើរការឯកសាររួចរាល់ ដោយសារតែបញ្ហាវិបត្តជំងឺកូវីដ១៩ អាចស្នាក់នៅ និងធ្វើការបណ្តោះអាសន្ននៅថៃសិន និងរង់ចាំក្រសួងការងារថៃបើកឲ្យដំណើរការឯកសារ MoU ឡើងវិញ ។
២-ស្នើសុំបញ្ចុះតម្លៃទិដ្ឋាការស្នាក់នៅ ពី១, ៩០០បាត ក្នុង១ឆ្នាំ ទៅតម្លៃ ៥០០បាត សម្រាប់រយៈពេល២ឆ្នាំ ដល់ពលករខ្មែរ។
៣-ស្នើសុំសម្រួលបើកឱ្យនាំចូលពលករបរទេសចូលមកធ្វើការក្នុងប្រទេសថៃតាមប្រព័ន្ធ MOU ដោយបន្ធូរបន្ថយការចំណាយលើថ្លៃចត្តាឡីស័កចំនួន ១៤ថ្ងៃ។
៤-ស្នើសុំការនាំពលករចូលមកធ្វើការនៅខេត្តចាន់ថាក់បុរី ដើម្បីប្រមូលផលផ្លែមៀន ដោយឱ្យសមាគមន៍ និងនិយោជក ជាអ្នកទទួលបន្ទុកលើចំណាយក្នុងការចត្តាឡីស័ក ១៤ថ្ងៃ ដោយវគ្គដំបូងនឹងនាំពលករចំនួន ១,០០០នាក់ ដែលប្រើប្រាស់ប័ណ្ណព្រំដែន (border pass)។
ភាគីថៃបានឆ្លើយតប និងស្នើ:
-ភាគីថៃនឹងពិភាក្សាផ្ទៃក្នុងបន្ទាន់លើចំនុចទាំង៤ ខាងលើ និងជម្រាបមកភាគីកម្ពុជាវិញឲ្យបានឆាប់ ។
-ស្នើឲភាគីកម្ពុជាជួយពន្លឿនបញ្ជូនពលករចំនួន ១,០០០នាក់ ដែលប្រើប័ណ្ណព្រំដែន ចូលតាមច្រកបានឡែម ខេត្តចាន់ថាក់បុរី និងច្រកដូង ខេត្តបាត់ដំបង៕
ប្រភព៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ