ដោយសារការរៀបចំ និងភាពទាក់ទាញ ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចររហូតជាង១លាននាក់ ក្នុងរយៈពេល២ថ្ងៃ នៃពិធីបុណ្យអ៊ុំទូក

សង្គម​ និង​សេដ្ឋកិច្ច

ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង១លាន ៩ម៉ឺននាក់ ចូលលេងកម្សាន្ត ក្នុងអំឡុងពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប ប្រពៃណីជាតិខ្មែរ ក្នុងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨ ដល់២៩ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
រូបភាព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែតុលា បានឱ្យដឹងថា ស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តនៅខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យអ៊ុំទូក ចេញព្រះវស្សា ឆ្នាំ២០២៣ ក្នុងរយៈពេល២ថ្ងៃ មានសរុប ១,០៩៥,៤៦២ នាក់ មានការកើនឡើងចំនួន ៤៧៩.១០% ធៀបឆ្នាំ២០២២ មានចំនួន ១៨៩,១៦៧ នាក់។ក្នុងនោះ ភ្ញៀវទេសចរជាតិ ១,០៩៥,០០០ នាក់ មានការកើនឡើងចំនួន ៤៧៩.៥០% ធៀបឆ្នាំ២០២២ និងភ្ញៀវទេសចរអន្តរជាតិ ៤៦២ នាក់ មានការកើនឡើងចំនួន ១២០% ធៀបឆ្នាំ២០២២ មានចំនួន ២១០ នាក់។

លោក ហម អរុណ អនុប្រធានមន្ទីទេសចរណ៍ខេត្តបាត់ដំបង

លោក ហម អរុណ អនុប្រធានមន្ទីទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា នៅក្នុងពិធីបុណ្យអ៊ុំទូក ចេញព្រះវស្សា ក្នុងខេត្តបាត់ដំបង ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ មិនថាក្នុងខេត្តបាត់ដំបងទេ គឺនៅតាមបណ្តាខេត្តជុំវិញក៏មានការមកទស្សនាកម្សាន្តជាច្រើនកុះករ រហូតដល់ជាង១លាននាក់ ក្នុងរយៈពេល២ថ្ងៃ។នេះគឺបង្ហាញអំពីភាពទាក់ទាញដ៏ក្លាំងក្លារបស់ពិធីបុណ្យ ក៏ដូចជាព្រឹត្តិការណ៍ទេសចរក្នុងខេត្តបាត់ដំបង ទៅកាន់សាធារណជនទាំងភ្ញៀវជាតិ និងអន្តរជាតិ។

លោកបន្តថា ក្នុងនោះផងដែរ យើងសង្កេតឃើញក្នុងឆ្នាំនេះ មានការរៀបចំបានល្អ ហើយប្រព្រឹត្តិទៅយ៉ាងរលូន សណ្តាប់ធ្នាប់មានលក្ខណៈល្អប្រសើរ។ ចំពោះចំណុច ដែលមានភាពទាក់ទាញសម្រាប់ព្រឹត្តិការណ៍ពិធីបុណ្យអ៊ុំទូករបស់ខេត្តបាត់ដំបង ឆ្នាំ២០២៣នេះ មាន៣សំខាន់ៗ ទី១) អាកាសធាតុអំណោយផល ក្នុងរយៈពេល២ថ្ងៃ មិនមានភ្លៀងធ្លាក់ ដែលជាការរំខានដល់ការទស្សនា កម្សាន្តរបស់ភ្ញៀវទេសចរ។ទី២)សម្រាប់ការរៀបចំព្រឹត្តិការណ៍ក្នុងឆ្នាំនេះ គឺមានលក្ខណៈទាក់ទាញ អ្វីដែលពិសេសគឺចំនួនទូកមានការកើនឡើងរហូតដល់៤៥ទូក និងមានការប្រកួតជាប្រភេទទូកខ្លាំង ជាការបង្ករឱ្យមានភាពសប្បាយរីករាយ។និងទី៣)ជាសមិទ្ធផលថ្មីៗរបស់ខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ ដែលលោកមានគំនិតផ្តួចផ្តើម កសាងនូវសមិទ្ធផលស្នាដៃប្រវត្តិសាស្រ្តថ្មីៗ មានដូចជា វិមានឯករាជ្យ សួនសម្តេចក្រឡាហោមវិមានឯករាជ្យ ច្រាំងស្ទឹងសង្កែជាដើម ដែលសមស្របនឹងបរិបទទីក្រុង និងបង្ករលក្ខណៈទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ។សមិទ្ធផលទាំងអស់នេះ ជាភាពទាក់ទាញក្នុងការជំរុញឱ្យភ្ញៀវទេសចរមកទស្សនា កម្សាន្តនៅក្នុងឱកាសនៃពិធីបុណ្យអ៊ុទូក។លោក បានបន្ថែមទៀតថា ក៏មានកម្មវិធីបណ្តែតប្រទីប បង្ហោះគោម បាញ់កាំជ្រួច ការប្រគុំតន្រ្តីនានា ដែលញ៉ាំងឱ្យកម្មវិធីមានភាពកុះករផងដែរ។

បើតាមអនុប្រធានមន្ទីរ នេះជាមោទនភាពមួយសម្រាប់ខេត្តបាត់ដំបង ដែលបានរៀបចំនូវកម្មវិធីនេះ ប្រព្រឹត្តិទៅដោយរលូន និងសប្បាយរីករាយ៕