អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ អង្គភាពពន្ធដារ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិ បានប្រមាណជាង ៣ពាន់លានដុល្លារអាម៉េរិក ឬស្មើនឹងជិត ៨៦ % នៃផែនការប្រចាំ ឆ្នាំ២០២៣។
នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមវត្តមាន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។
ចំពោះលទ្ធផលប្រមូលពន្ធក្នុងខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញថា ចំណូលពន្ធអាករ គ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់ អគ្គនាយកដ្ឋានពន្ធដារមានចំនួន ១ ០៣៥,៨៨ ប៊ីលានរៀល (ប្រមាណជា ២៥៥,៧៧ លានដុល្លារ) ស្មើនឹង ៧,១៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
ដោយឡែក គិតត្រឹមរយៈពេល១០ ខែឆ្នាំ២០២៣វិញ លោកបានបញ្ជាក់បន្ថែមថា៖« បើគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ ជាក់ស្តែង គឺសម្រេច បាន ១២ ៣៩៦,៨៤ ប៊ីលានរៀល (ប្រមាណជា ៣ ០៦០,៩៥ លានដុល្លារ) ស្មើនឹង ៨៥,៧០% នៃផែនការប្រចាំ ឆ្នាំ២០២៣»។
ជុំវិញការប្រមូលព័ន្ធនេះដែរ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ និងមន្ត្រីទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធ យ៉ាងល្អប្រសើរ។
បន្ថែមពីលើនេះ លោករដ្ឋមន្រ្តី ក៏បានគាំទ្រលើការដាក់ចេញ នូវចក្ខុវិស័យនៃការធ្វើបរិវត្តកម្មឌីជីថល រដ្ឋបាលសារពើពន្ធ (Tax Digital Transformation) ដើម្បីកែប្រែអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ទៅជារដ្ឋបាលសារពើពន្ធជំនាន់ ៣.០ (Tax Administration 3.0) ស្របទៅតាមបរិការណ៍វិវត្តនៃរដ្ឋបាលសារពើពន្ធក្នុងសកលលោកផងដែរ៕ អត្ថបទ៖ ពិសី