អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពូជស្រូវសែនក្រអូបនៅក្នុងឆ្នំា២០២៣ ត្រូវបានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធី វាយតម្លៃគុណភាព រសជាតិ ប្រភេទអង្គរសគ្រាប់វែង ចិន-អាស៊ាន លើកទី១ ដែលកម្មវិធីនេះ រៀបចំឡើងដោយ វិទ្យាស្ថានវិទ្យាសាស្ត្រនៃបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្ម ខេត្ត Guangxi និងមណ្ឌលការគ្រប់គ្រងពូជនៃតំបន់ស្វយ័ត Guangxi Zhuang របស់ប្រទេសចិននាថ្ងៃទី២៨ ខែតុលា ឆ្នំា២០២៣។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
សហព័ន្ធស្រូវអង្ករកម្ពុជា បញ្ជាក់ថា លទ្ធផលពីកិច្ចការប្រកួតនៅក្នុងចំណោមសំណាកអង្ករនៃពូជស្រូវសរុប ចំនួន៦១ ដែលក្នុងនោះចំនួន១២ប្រភេទ មកពីប្រទេសអាស៊ាន ចំនួន៥ប្រទេស និងចំនួន៤៩ប្រទេសមកពីតំបន់ស្វយ័តនិងខេត្តដែលដំាដុះស្រូវនៅក្នុងប្រទេសចិន។ អង្ករម៉ាក សមូហភាព SKO ដែលមានពូជស្រូវសែនក្រអូប ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការប្រកួត ជាពូជស្រូវល្អ និងមានរសជាតិឆ្ងាញ់ ព្រមទំាងឈ្នះពានរង្វាន់មាស ក្នុងចំណោមពានរង្វាន់មាសរបស់ពូជស្រូវរបស់ប្រទេសផ្សេងទៀត។
សហព័ន្ធស្រូវអង្ករកម្ពុជា សូមថ្លែងអំណរគុណដល់ប្រជាកសិករទំាងអស់ដែលបានខិតខំយកចិត្តទុកដាក់ដំាដុះ ថែទំា និងផ្តល់នូវគ្រាប់ស្រូវដែលផលិតចេញជាអង្ករមានគុណភាព ឱជារស មិនតែប៉ុណ្ណោះសម្រាប់គ្រាប់អង្ករបានយ៉ាងល្អ ដែលនាំឱ្យទទួលបាននូវពានរង្វាន់មាសនៅពេលនេះផងដែរ។
សហព័ន្ធស្រូវអង្ករកម្ពុជា សូមអំពាវនាវដល់ប្រជាកសិករ ទំាងអស់សូមមេត្តាខិតខំបន្តនូវការងារដំាដុះដែលប្រកបដោយគុណភាពនិងមោទនភាពនេះជាបន្តទៀត។ការទទួលបាននូវពានរង្វាន់មាសនេះនឹងជួយឱ្យតម្លៃអង្ករសែនក្រអូបមានការទទួលស្គាល់កាន់តែច្រើនឡើង និងមានទីផ្សារកាន់តែធំទូលាយថែមទៀត។
សូមបញ្ជាក់ថា ពូជស្រូវសែនក្រអូប ជាពូជស្រូវមិនប្រកាន់រដូវ ដែលត្រូវបានដំាដុះដោយប្រជាកសិករតំាងពីពាក់កណ្តាលទស្សវត្ស៩០ ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមរយៈអគ្គនាយកដ្ឋានកសិកម្ម និងវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍កសិកម្មកម្ពុជា សកលវិទ្យាល័យភូមិន្ទកសិកម្ម សហព័ន្ធស្រូវអង្ករកម្ពុជា សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ និងកម្មវិធីច្រវាក់តម្លៃកសិកម្មកម្ពុជា អូស្ត្រាលី បានរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការលើបច្ចេកទេសនិងហិរញ្ញវត្ថុ ដើម្បីរៀបចំឱ្យមានពូជស្រូវសែនក្រអូបមួយច្បាស់លាស់ ឆ្លងតាមការសិក្សានិងកិច្ចខិតខំរបស់អ្នកវិទ្យាសាស្ត្រស្រូវនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានសម្រំាងឡើងដោយជម្រើសឯកទត្កចេញពីពីពូជស្រូវក្រអូបផ្សេងៗ រហូតទទួលបានពូជស្រូវសែនក្រអូប មួយដែលល្អ ហើយត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នំា២០១៩ ក្រោមឈ្មោះជាផ្លូវការថា សែនក្រអូប ០១៕
អត្ថបទ៖សារេត