ក្រុមហ៊ុនរុស្ស៊ី មានបំណងចាប់ដៃគូ ធ្វើអាជីវកម្មនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុនរុស្ស៊ី មានចំណាប់អារម្មណ៍ក្នុងការចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្មរបស់ខ្លួនចូលក្នុងប្រទេសកម្ពុជា។នេះបើតាមរយៈជំនួបពិភាក្សាការងារ រវាងលោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានលើកឡើងថា ស្ថានតំណាងពាណិជ្ជកម្មរុស្ស៊ីដែលមានមូលដ្ឋាននៅទីក្រុងហាណូយ នឹងដឹកនាំគណៈប្រតិភូធុរកិច្ចរុស្ស៊ីមកកម្ពុជា ដើម្បីស្វែងរកដៃគូអាជីវកម្ម។ ក្រុមហ៊ុនទាំងនេះ មានជំនាញក្នុងវិស័យជាច្រើន រាប់បញ្ចូលទាំងបច្ចេកវិទ្យាឆ្លាតវៃ នវានុវត្តន៍ជីវវេជ្ជសាស្ត្រ និងដំណោះស្រាយថាមពលជាដើម។

ជាការឆ្លើយតប លោក ហែម វណ្ណឌី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមក្នុងការរៀបចំកម្មវិធីផ្គូរផ្គងធុរកិច្ចរុស្ស៊ី-កម្ពុជា ដែលស្ថានទូតរុស្ស៊ីក្នុងទីក្រុងភ្នំពេញគ្រោងនឹងរៀបចំនៅដើមឆ្នាំ២០២៤  ស្របពេលនឹងកិច្ចប្រជុំគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជា-រុស្ស៊ីលើកទី២។លោក ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនរុស្ស៊ី ឱ្យសហការជាមួយសមាគម និងសហព័ន្ធធុរកិច្ចរបស់កម្ពុជា ដើម្បីស្វែងរកវិស័យកំណើន

ថ្មីៗ។

លោក បានលើកឡើងថា “ក្រុមហ៊ុនរុស្ស៊ីក៏គួរពិនិត្យលទ្ធភាពក្នុងការវិនិយោគលើការកែច្នៃកសិផល និងផលិតវត្ថុធាតុដើមយុទ្ធសាស្ត្រ ដែលនឹងគាំទ្រដល់ការអភិវឌ្ឍ និងការធ្វើពិពិធកម្មឧស្សាហកម្មរបស់កម្ពុជា ព្រមទាំងកាត់បន្ថយការពឹងផ្អែកលើការនាំចូលវត្ថុធាតុដើមផងដែរ”។

លើសពីនោះ វិនិយោគិនរុស្សីអាចមានកម្មសិទ្ធិអាជីវកម្ម១០០ភាគរយ នៅក្នុងប្រទេសកម្ពុជា និងអាចទាញយកអត្ថប្រយោជន៍ពីច្បាប់វិនិយោគថ្មី ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់កម្ពុជា ជាមួយប្រទេសចិន កូរ៉េ អារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ផងដែរ៕