នៅក្នុងខែតុលា ឆ្នាំ២០២៣ កម្ពុជាទទួលបានគម្រោងវិនិយោគ១៨ ក្រោមទុនប្រមាណ១២០លានដុល្លារ ក្នុងនោះគម្រោងបង្កើតរោងចក្រ១៧ ក្រោមទុនជាង៩០លានដុល្លា និងគម្រោងវិនិយោគ ធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ១ ក្នុងទុនជាង២៧លានដុល្លារ។នេះបើតាមរបាយការណ៍កន្លងមករបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។
បើតាម CDC គម្រោងបង្កើតរោងចក្រទាំង១៧នោះ រួមមាន រោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផ្គុំដំឡើងគ្រឿងបន្លាស់រថយន្ត ,រោងចក្រផលិតស្រោមជើង, រោងចក្រផលិតគ្រឿងសង្ហារិមក្រៅផ្ទះ, រោងចក្រផលិតកាបូប, រោងចក្រផលិតអំពូលភ្លើង, រោងចក្រផលិតសម្ភារៈវេចខ្ចប់ជាដើម ដែលអាចផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណជាង១ ៩៧០០កន្លែងផងដែរ។
សូមជម្រាបថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគដែលមានទំហំទុនវិនិយោគប្រមាណជិត ៤ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះទុនវិនិយោគរបស់ចិនមានប្រមាណ ៧៦%៕