ខេត្តស្វាយរៀងជាខេត្តប៉ូលសេដ្ឋកិច្ចមួយដែលមានតំបន់សេដ្ឋកិច្ចពិសេសជាច្រើនកំពុងបោះទុនវិនិយោគ ខណៈជារៀងរាល់ឆ្នាំខេត្តនេះមានវិនិយោគិនថ្មីៗមកបន្ថែមការវិនិយោគ។ ថ្មីៗនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះទស្សនកិច្ចតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ ក្នុងខេត្តស្វាយរៀង។

តំបន់សេដ្ឋកិច្ចពិសេសចំនួន៣ដែលគណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះទស្សនកិច្ចរួមមាន៖ ១). តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ២). តំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ និង ៣). តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ ដែលតំបន់ទាំង៣នេះសរុបមានទុនវិនិយោគចំនួន៩៧៧លានដុល្លារ ជាមួយនិងគម្រោងវិនិយោគសរុបចំនួន ៦៥គម្រោង កំពុងដំណើរការចំនួន ៤៤គម្រោង និងបានបង្កើតការងារជូនកម្មករនិយោជិតចំនួន ២៣.១៤៣កន្លែង។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មុខសញ្ញាវិនិយោគសំខាន់ៗក្នុងតំបន់សេដ្ឋកិច្ចទាំង៣នេះរួមមាន៖ ការផលិតគ្រឿងសង្ហារិម កែច្នៃនិងជ្រលក់ពណ៌ស្បែក អំពូលលម្អអគ្គិសនី និងខ្សែភ្លើងគ្រប់ប្រភេទ ផលិតសំបកកង់យានយន្ដ និងដំឡើងកង់ជាដើម។

សូមជម្រាបជូនថា តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀងមានចំនួន ៩តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ២១៥គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣២គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១.៨៨៦លានដុល្លារ និងបានបង្កើតការងារចំនួន ៧៥.០៨៦កន្លែង៕
