សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីដាក់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មីនៃក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្នុងឱកាសនោះសម្ដេចធិបតី ស្នើប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និង បម្រើសេវាប្រចាំថ្ងៃជូនពលរដ្ឋ ព្រមទាំងសេដ្ឋកិច្ចក្នុងតំបន់។
ទន្ទឹមនឹងនេះ សម្ដេចធិបតីបានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត កុំយកថវិកាទៅអភិវឌ្ឍសួនច្បារឱ្យធំជាងគេ ប៉ុន្ដែបែរជាមិនទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានល្អជូនប្រជាពលរដ្ឋធ្វើដំណើរ។ ដូច្នេះរដ្ឋបាលរាជធានី ខេត្តត្រូវម្ចាស់ការលើការអនុវត្តការងារនេះឱ្យបានល្អ។
សម្តេចធិបតីបានថ្លែងថា លុយតិចដាក់ចំគោលដៅទទួលបានផលប្រយោជន៍ តែបើលុយច្រើន ដាក់មិនចំគោលដៅ គឺមិនអាចទទួលបានបានប្រយោជន៍ច្រើនទេ។ សម្តេចសង្កត់ធ្ងន់ថា កុំចង់បានសួនស្អាតនៅខេត្ត ខណៈតាមស្រុក និងឃុំ អត់មានផ្លូវ។
បន្ថែមទៀតនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីស្នើដល់គ្រប់មន្ត្រី និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងសមត្ថភាព និងតួនាទីរបស់ ខ្លួន កែសម្រួលនីតិវិធីផ្ដល់សេវាកាន់តែប្រសើរជូនពលរដ្ឋ, ពង្រឹងត្រួតពិនិត្យតាមដានលើការអនុវត្តគម្រោងសេវាសង្គម និងគម្រោងអភិវឌ្ឍន៍នានា។
សម្តេចធិបតីបានថ្លែងថា៖ ការប្រើប្រាស់មន្ត្រី ត្រូវតែដាក់ឱ្យចំគោលដៅ នឹងទទួលបានប្រសិទ្ធភាពការងារ។ សម្តេចគូសបញ្ជាក់ថា ការពង្រឹងមន្រ្តី និងសមត្ថភាពដល់ថ្នាក់ក្រោមជាតិ គឺជាកត្តាចាំបាច់បំផុត ខណៈរដ្ឋបាលថ្នាក់ក្រោមជាតិនេះ ហើយដែលជាអ្នកបម្រើសេវាសាធារណៈដល់ពលរដ្ឋជាប្រចាំ៕