លោក ស៊ុន ចាន់ថុល សំណូមពរក្រុមហ៊ុន CRBC ជំរុញក្រុមការងារសិក្សារលើគម្រោងព្រែកជីកហ្វូណន និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ឱ្យបានលឿនបំផុត

សង្គម​ និង​សេដ្ឋកិច្ច

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសំណូមពរដល់ក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ឱ្យជំរុញក្រុមការងារចុះមកសិក្សារគម្រោងឱ្យបានច្រើន ម៉ត់ចត់ និងលឿនបំផុតលើគម្រោងព្រែកជីកហ្វូណន និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការសំណូមពរបែបនេះ របស់លោកឧបនាយករដ្ឋមន្រ្តី នៅក្នុងពិធីអបអរសារទរខួប១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នៅថ្ងៃទី០៧ ខែវិច្ឆិកានេះ។

នៅក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានថ្លែងអំណរគុណដល់ក្រុមហ៊ុនឯកជនរបស់ចិន ដែលបានដាក់ទុនវិនិយោគនៅកម្ពុជាជាច្រើន ដូចជាការកសាងព្រលានយន្តហោះ, ការកសាងវារីអគ្គិសនី, ការកសាងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ, ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, និងត្រៀមកសាងផ្លូវល្បឿនលឿនទី៣ គឺផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត,និងគម្រោងព្រែកជីកហ្វូណនជាដើម។

ពាក់ព័ន្ធទៅនឹងគម្រោងទាំងពីរនេះ លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងថា កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅ លោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌគម្រោងព្រែកជីកហ្វូណនតេជោ។ក្នុងន័យនេះ លោកក៏បានសំណូមពរដល់ក្រុមហ៊ុន CRBC មេត្តាជំរុញឱ្យក្រុមការងាររបស់ក្រុមហ៊ុន CRBC ចុះមកឱ្យបានច្រើន ធ្វើការជាក្រុម ធ្វើការឱ្យបានម៉ត់ចត់ ឱ្យបានលឿនបំផុត ដើម្បីក្រសួងសាធារណការ និងស្ថាប័នពាក់ព័ន្ធមានឱកាសចរចារ ពិភាក្សាគ្នា លើគម្រោងដ៏ធំនេះ សម្រាប់អាណត្តិទី៧គឺគម្រោងព្រែកជីកហ្វូណន និងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប ភ្នំពេញប៉ោយប៉ែតឱ្យបានលឿនបំផុត។

សូមបញ្ជាក់ផងដែរថា គម្រោងផ្លូវទឹកព្រែកជីកហ្វូណនតេជោ មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។ ក្រុមហ៊ុន CRBC សិក្សាលំអិតលើគម្រោងនេះ ក្នុងរយៈពេល៨ខែ។បន្ទាប់ពីសិក្សាចប់រយៈពេល៨ខែ គឺឈានដល់ការចរចា ដើម្បីឈានទៅចុះកិច្ចព្រមព្រៀងសាងសង់តែម្តង។

រីឯគម្រោងល្បឿនលឿនពីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងសាងសង់ជា ២ដំណាក់កាល រួមមាន ដំណាក់កាលទី១ ពីភ្នំពេញ ទៅខេត្តសៀមរាប ប្រវែង ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាប ទៅប៉ោយប៉ែត ប្រវែង ១៥០គីឡូម៉ែត្រ។ក្រុមហ៊ុន CRBC ត្រូវការពេលវេលាត្រឹមតែ ៦ខែប៉ុណ្ណោះ ដើម្បីសិក្សាលម្អិតពីគម្រោងនេះ ហើយគ្រោងនឹងសិក្សាជា ៤គន្លង ដូចផ្លូវល្បឿនលឿនមុនៗដែរ។គម្រោងផ្លូវល្បឿនលឿននេះ នឹងត្រូវឆ្លងកាត់ រាជធានី-ខេត្ត ចំនួន៥ រួមមាន ភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ៕