លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា ក្នុងបរិបទសេដ្ឋកិច្ចទីផ្សារសេរី គឺរដ្ឋមិនអាចកំណត់ថ្លៃទំនិញបានទេ ខណៈលោកបានស្នើឱ្យភាគីទាំងរដ្ឋ និងឯកជនរួមគ្នាចាត់វិធានការចំពោះអ្នកដែលគេចពីសំណាញ់ច្បាប់ ដើម្បីបង្កើតទីផ្សារមិនប្រកួតប្រជែងក្នុងវិស័យរ៉ែ និងថាមពលនៅកម្ពុជា។
ការស្នើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមការងារផ្នែកថាមពល និងធនធានរ៉ែ (ក្រុម“ញ”) នៃវេទិការាជរដ្ឋាភិបាលផ្នែកឯកជន កាលពីសប្តាហ៍មុន ដែលវេទិកានេះ គឺរៀបចំឡើងដើម្បីធ្វើការរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យរ៉ែ និងថាមពលដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាគោល។
ថ្លែងក្នុងវេទិកានោះ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឆ្លើយតបថា រដ្ឋាភិបាលគឺមិនធ្វើតាមការសំណូមពររបស់វិស័យឯកជនខាងផ្នែករ៉ែថ្មសំណង់ ដោយសារការប្រកួតប្រជែងមិនស្មើភាពពី ការកំណត់តម្លៃអប្បបរមាទាបពេកនេះបានទេ ខណៈលោកថា ដោយសារតែជាការប្រកួតប្រជែងទីផ្សារសេរីហើយវាអាចនឹងប៉ះពាល់ដល់អ្នកប្រើប្រាស់។
ដោយលោករដ្ឋមន្រ្តី បានបញ្ជាក់ថា៖«នៅក្នុងសេដ្ឋកិច្ចទីផ្សារសេរី គេមិនអាចធានាថ្លៃបានទេ។ រដ្ឋាភិបាលមានកាតព្វកិច្ចធ្វើម៉េចឱ្យការប្រកួតប្រជែងនោះស្មើភាព។ ស្មើភាពនោះ គឺគោរពច្បាប់ដូចគ្នាបង់ពន្ធដូចគ្នា កាតព្វកិច្ចដូចគ្នា។ ក្រុមហ៊ុនក្ស័យធន ដោយសារធ្វើមិនបានល្អដូចក្រុមហ៊ុនឯទៀត។ ដូចនេះយើងមិនអាចលូកដៃក្នុងការអន្តរាគមន៍របស់ទីផ្សារសេរីបានទេ»។
បន្ថែមពីនេះ លោក បានអះអាងថា សេដ្ឋកិច្ចទីផ្សារសេរីមិនអាចកំណត់ថ្លៃទំនិញបានទេ ប៉ុន្តែរាជរដ្ឋាភិបាលនឹងធ្វើឱ្យទីធ្លាប្រកួតប្រជែងបានស្មើភាពគ្នា ដោយលោកក៏បានស្នើឱ្យរួមគ្នាចាត់វិធានការអ្នកគេចពីសំណាញ់ច្បាប់។
ដោយលោក កែវ រតនៈ បានសង្កត់ធ្ងន់ដូច្នេះថា៖« អ្វីដែលយើងអាចជួយគ្នាធ្វើ ទាំងរដ្ឋ និងឯកជនដូចគ្នា ជួយចាត់ការអ្នកគេចពីសំណាញ់ច្បាប់ ដើម្បីបង្កើតទីផ្សារមិនប្រកួតប្រជែងមិនស្មើភាពក្នុងស័យរ៉ែ និងថាមពល»។
សូមជម្រាប់ដែរថា តាមរយៈវេទិកាខាងលើ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏បញ្ជាក់ដែរថា រឿងមួយ ដែលសមាគមថ្មគួរតែរីករាយ ហើយប្រទេសយើងគួរតែរីករាយដែរនោះ គឺលោកបានដាក់បញ្ជារួចហើយ គឺមិនឱ្យមានការចេញអាជ្ញាប័ណ្ណវាយថ្មទៀតទេលុះត្រាតែមានការពិនិត្យឡើងវិញសិន។លោកថា ការធ្វើនេះ គឺចង់មានការអភិរក្សឱ្យមានតុល្យភាពជាមួយនឹងការអភិវឌ្ឍ៕ អត្ថបទ៖ រង្សី