នាយករដ្ឋមន្រ្តី បញ្ជាក់ជាថ្មីថា រដ្ឋាភិបាលអាណាត្តិទី៧ មិនបានបង្កើតពន្ធថ្មី និងដំឡើងអត្រាពន្ធឡើយ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនីតិកាលថ្មី មិនបានបង្កើតច្បាប់ពន្ធថ្មី និងដំឡើងអត្រាពន្ធនោះទេ ខណៈរដ្ឋបានផ្តល់ការអនុគ្រោះពន្ធជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋ និងអ្នកធ្វើធុរកិច្ចនៅកម្ពុជា។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលនីតិកាលថ្មី អាណាត្តិទី៧នេះ ខ្ញុំសូមបញ្ជាក់ថា គឺមិនមានការបង្កើតពន្ធថ្មីនោះទេ គ្មានការដាក់ពន្ធប្រភេទថ្មីទេ ហើយពន្ធដែលមានស្រាប់មិនមានការដំឡើង អត្រាពន្ធទេ។សូមបញ្ជាក់ឱ្យច្បាស់រឿងហ្នឹង អត់កៀបករបន្ថែមទៀតនោះទេ»។

សម្តេចធិបតីបានបន្តថា កន្លងមករាជរដ្ឋាភិបាលអាណត្តិមុនៗ បានសម្រេចលើកលែងពន្ធជាច្រើន ដូចជា ការលុបចោលពន្ធសត្តឃាត ពន្ធលើរបបម៉ៅការ ពន្ធសារពើពន្ធ័លើលិខិតរដ្ឋបាល លិខិតតុលាការ និងឯកសារអត្រានុកូលដ្ឋាន ពន្ធលើមធ្យោបាយដឹកជញ្ជូន (ផ្នែកចក្រយានយន្តត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល) និងពន្ធលើលិខិតអនុញ្ញាត្តិបង្កើតក្រុមហ៊ុន។សម្តេចបន្តថា ពន្ធទាំងនេះ គឺជាពន្ធដែលរដ្ឋាភិបាលបានសម្រេចលុបចោល។

បន្ថែមពីនេះ សម្តេចធិបតី បញ្ជាក់ថា៖ « កន្លងមកនេះ ក៏មានការលើកលែងពន្ធមួយចំនួនទៀត ខណៈក្នុងអាណត្តិនេះនឹងបន្តអនុវត្តន៍ជាគោលការណ៍ ក្នុងនោះមាន៖ពន្ធលើដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ ពន្ធនាំចូលសម្ភារៈកសិកម្ម ផលិតផលកសិកម្ម ពន្ធចលនទ្រព្យដែលទាបជាង១០០លានរៀល ពន្ធប្រថាប់តា្រត្រូវការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋានគ្រប់ប្រភេទ អាករលើតម្លៃបន្ថែមមុខទំនិញដែលជាអាហារដែលមូលដ្ឋាននៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរហូតដល់ចុងឆ្នាំ២០២៨ និងពន្ធលើប្រាក់បៀវត្សរ៍អប្បបរមារបស់មន្រ្តីរាជការគ្រប់ប្រភេទ និងប្រាក់ឈ្នូលអប្បបរមារបស់កម្មករនិយោជិក ដែលនេះគឺពន្ធដែលយើងបានលើកលែង ហើយនឹងបន្តអនុវត្តន៍»។

ប៉ុន្តែក្រៅពីមិនបង្កើតពន្ធថ្មី ដែលយើងមិនចេញ មិនដំឡើងពន្ធហើយនោះ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ នូវការប្តេជ្ញាចិត្ត និងការអនុវត្តន៍គោលនយោបាយរបស់គណបក្សប្រជាជន សំដៅលើកកម្ពស់ជីវភាពប្រជាពលរដ្ឋបន្ថែមទៀត៕ អត្ថបទ៖ រង្សី