វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងពេញទំហឹងពីប្រមុខរដ្ឋាភិបាល

សង្គម​ និង​សេដ្ឋកិច្ច

វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ រៀបចំឡើងនៅថ្ងៃទី១៣ខែវិច្ឆិកាឆ្នំា២០២៣ គឺជាវេទិកាលើកទី១ នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ដែលក្នុងរយៈពេលតែ ៨៣ថ្ងៃ បន្ទាប់ពីថ្ងៃឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា  ប្រធានគណៈកម្មាធិការសម្របសម្រួលការងារ សម្រាប់យន្តការេវទិការាជរដ្ឋាភិបាល-ផ្នែកឯកជនថ្លែងក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ នៅថ្ងៃទី១៣វិច្ឆិកាឆ្នំា២០២៣ បញ្ជាក់ថា «ព្រឹត្តិការណ៍នេះ សបញ្ជាក់អំពីការយកចិត្តទុកដាក់យ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាល និងការផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍវិស័យឯកជន ដែលជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច តាមរយៈការស្តាប់នឹងទទួលយកនូវបញ្ហាប្រឈម មតិកែលម្អនិងសំណើអនុសាសន៍គោលនយោបាយពីមជ្ឈដ្ឋានធុរកិច្ចនិងស្ថាប័នស្រាវជ្រាវពាក់ព័ន្ធ ហើយពិចារណាផ្តល់ជូនដំណោះស្រាយជាគន្លឹះដ៏សមរម្យនាពេលនេះ»។

លោកលើកឡើងថា បន្ទាប់ពីវេទិកាលើកទី១៨ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភាកន្លងមក បានគ្រោងរៀបចំវេទិកាលើកទី១៩ នៅក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានពន្យារពេលរហូតមកដល់ថ្ងៃនេះ ដោយសារកម្ពុជា ក៏ដូចជាសកលលោក បានប្រឈមនឹងវិបត្តិនៃជំងឺកវីដ ១៩។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលពុំបានទុកវិស័យឯកជនឱ្យនៅឯកោនោះឡើយ ពោលគឺតែងតែគិតគូរ បារម្ភ និងឈឺឆ្អាលអំពីសុខុមាលភាព និងការរីកចម្រើនរបស់វិស័យឯកជនជាប់ជាប្រចាំ។ កាយវិការទាំងនេះស្តែងចេញតាមរយៈការដាក់ចេញនូវយន្តការ និងវិធានការនានា យ៉ាងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនាពេលកន្លងមក ដើម្បីឆ្លើយតបទៅនឹងនិន្នាការធំៗ ដែលអាចជះឥទ្ធិពលដល់ការសម្រេចចិត្ត និងប្រតិបត្តិការអាជីវកម្មរបស់ធជន និងវិនិយោគិនមានជាអាទិ៍ ភាពរង្គោះរង្គើនៃសេដ្ឋកិច្ចសកល ការរៀបចំឡើងវិញនូវខ្សែច្រវាក់ផ្គត់ផ្គង់សកល ការបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រកបដោយចីរភាពនិងបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ព្រមទាំងភាពតានតឹងនៃភូមិសាស្ត្រនយោបាយជាពិសេស វិបត្តិសង្គ្រាមនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា ជាដើម។

លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា «វេទិការាជរដ្ឋាភិបាល ផ្នែកឯកជន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមគោរពសម្ដែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ដែលជាស្ថាបនិកនៃយន្តការនេះ និងជាអគ្គមគ្គុទ្ទេសក៍ដ៍ឆ្នើមក្នុងការដឹកនាំវេទិកាកន្លងៗមក ព្រមទាំងបានផ្តល់ចក្ខុវិស័យជាយុទ្ធសាស្ត្រ វិធានការ និងការសម្រេចដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិត សំដៅលើកកម្ពស់បរិស្ថានធុរកិច្ចនិងវិនិយោគ និងពង្រឹងតួនាទីរបស់វិស័យឯកជនក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្រ បង្កើតការងារ និងពង្រឹងប្រព័ន្ធសុវត្ថិភាពសង្គមជូនដល់ប្រជាពលរដ្ឋ»។

កេរ្តិ៍ឈ្មោះដ៏ល្អនៃវេទិកា ត្រូវបានលើកសរសើរក្នុងរបាយការណ៍វាយតម្លរបស់ធនាគារពិភពលោក កាលពីឆ្នាំ២០០៩ ដោយត្រូវបានទទួលស្គាល់ថាជាយន្តការកិច្ចសន្ទនារវាងរដ្ឋ និងផ្នែកឯកជន ដែលមានប្រសិទ្ធភាពខ្ពស់ និងទទួលបានពិន្ទុវាយតម្លៃសមិទ្ធកម្មខ្ពស់ជាងគេក្នុងចំណោមប្រទេសចំនួនជាង២០ផ្សេងទៀត។នេះជាសក្ខីកម្ម ដែលបង្ហាញអំពីសារៈសំខាន់នៃការបន្តនិរន្តរភាពក្នុងការរៀបចំយន្តការវេទិកានេះ ដូចដែលបានកំណត់ផងដែរនៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ពីមួយលើកទៅមួយលើក យន្តការវេទិកានេះ បានពង្រីកវិសាលភាពរបស់ខ្លួនកាន់តែធំឡើងៗពីចំនួន៧ក្រុមការងារ កើនឡើងដល់ ១៤ក្រុមការងារតាមវិស័យសម្រាប់វេទិកាលើកទី១៩នេះ៕ អត្ថបទ៖សារេត