កំពុងនិយមនៅក្រៅប្រទេស មន្ទីរកសិកម្មត្រៀមជំរុញឱ្យប្រជាកសិករពង្រីកផ្ទៃដីផលិតស្រូវដំណើបស្បៃមង្គលបន្ថែមដើម្បីផ្គត់ផ្គង់

សង្គម​ និង​សេដ្ឋកិច្ច

តំណាងសហព័ន្ធស្រូវអង្ករកម្ពុជាកន្លងទៅថ្មីបានលើកឡើងថា ប្រភេទអង្ករដំណើបស្បៃមង្គលកំពុងមានការពេញនិយមនៅទីផ្សារខាងក្រៅប្រទេស ពិសេសទីផ្សារចិន រួមនិងទីផ្សារសហគមអឺរ៉ុប។ ទន្ទឹមនិងការលើកឡើងនេះក៏បានធ្វើឱ្យអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងក៏គ្រោងជំរុញឱ្យប្រជាកសិករនៅស្រុកផ្សេងទៀតពង្រីកផ្ទៃដីផលិតស្រូវដំណើបស្បៃមង្គលឱ្យបានច្រើនជាង២០០ហិកតាដែលកសិករបាននិងកំពុងត្រៀមប្រមូលផលនៅពាក់កណ្តាលខែធ្នូខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា សុង សារ៉ន លើកឡើងថា សព្វថ្ងៃនេះពូជស្រូវដំណើបស្បៃមង្គល ដែលកសិករនៅតាមតំបន់ផលិតបានកែច្នៃធ្វើជានំសម្រាប់លក់ធម្មតា ហើយឧកញ៉ានិងព្យាយាមពង្រីកការដំាដុះឱ្យបានច្រើន សម្រាប់នាំចេញទៅចិន ដោយសារទអង្ករស្បៃមង្គលនេះគេត្រូវការច្រើន។ នៅសហគមន៍អឺរ៉ុបក៏កំពុងត្រូវការដូចគ្នា។ ដូចនេះលោកឧកញ៉ាមានជំនឿថា អង្ករកម្ពុជាអាចចូលរួមប្រកួតប្រជែងនៅលើទីផ្សារបាន។

លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបាត់ដំបងបានឱ្យដឹងថា បើសិនតម្រូវការអង្ករដំណើបស្បៃមង្គលមានសញ្ញាល្អនៅលើទីផ្សារខាងក្រៅ ក្នុងនាមមន្ទីរកសិកម្មខេត្ត ដែលកន្លងមកតែងតែយកចិត្តទុកដាក់និងជំរុញទៅលើខ្សែច្រវាក់ផលិតកម្មដែលមានសក្តានុពលនៅតាមភូមិ ឃុំ បើសិនទីផ្សារខាងក្រៅកើតឡើងមែនពិតនោះ មន្ទីរកសិកម្មនឹងធ្វើការជំរុញឱ្យកសិករបង្រីកផ្ទៃដីផលិតស្រូវដំណើបស្បៃមង្គលថែមទៀត ក្រៅពីនៅស្រុកមោងឬស្សី , ស្រុកថ្មគោល ,ស្រុកបវិល រួមនិងខាងស្រុកបាណន់។

លោកបន្តថា  បច្ចុប្បន្នមន្ទីរកសិកម្មខេត្តបាននិងកំពុងជំរុញឱ្យ កសិករនៅស្រុកមោងឬស្សីធ្វើការដំាដុះស្រូវដំណើបពូជស្បៃមង្គលលើផ្ទៃដីជាង២០០ហិកតា ហើយអាចផ្តល់ទិន្នផលរាប់ពាន់តោន ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារ ។

លោកលើកឡើងថា កន្លងមកមន្ទីរកសិកម្មខេត្តបានបង្ហាញពូជស្រូវដំណើបស្បៃមង្គលទៅដល់ក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវកែច្នៃនាំចេញអង្ករទៅទីផ្សារខាងក្រៅ ឃើញពួកគាត់មានការចាប់អារម្មណ៍លើស្រូវដំណើបស្បៃមង្គលច្រើន ប៉ុន្តែខាងក្រុមហ៊ុននិងកសិករមិនទាន់បានជួបគ្នាផ្ទាល់ទេ។តែជាទូទៅទីផ្សារស្រូវមួយនេះ ឈ្មួញកណ្តាលប្រមូលទិញស្រូវពីកសិករយកទំាងអស់  ជាពិសេសឈ្មួញមកពីប្រទេសវៀតណាមដោយសារ វាមានភាពសុទ្ធច្រើន និងមានភាពស្អិតល្អ ។

អនុប្រធានមន្ទីរកសិកម្មខេត្តខាងលើរូបនេះបញ្ជាក់ថា «កន្លងមក កសិករនៅក្នុងតំបន់ធ្លាប់ធ្វើពូជស្រូវដំណើបដែលនៅសល់ពីបុរាណដល់ពេលប្រមូលផល កសិករអាចលក់បាន ថ្លៃពី១ ០០០ទៅ១១០០រៀល តែសម្រាប់ពូជស្បៃមង្គលនេះ អាចលក់បានថ្លៃ១៤០០ទៅ១៥០០រៀលក្នុងមួយគីឡូក្រាម»៕