សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ដីមិនប្រើប្រាស់ដែលតម្រូវឱ្យបង់ពន្ធគឺគិតចាប់ពីទំហំ៥ហិកតា ឡើងទៅ ចំណែកដីមិនប្រើប្រាស់ក្រោម៥ហិកតា មិនតម្រូវឱ្យបង់ពន្ធនោះទេ។ការថ្លែងបែបនេះរបស់សម្តេចធិបតី នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធី វេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នាវិមានសន្តិភាព។
នៅក្នុងវេទិកានោះ សម្តេចធិបតី មានប្រសាសន៍ថា ដីដែលជាកម្មវត្ថុនៃពន្ធលើដីមិនប្រើប្រាស់ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ៥ហិកតា ក្នុងមួយកន្លែង។ដោយកន្លងទៅធ្លាប់កាត់១២០០ការ៉េ គិតថាជាលំនៅឋាន ក្រោយមកបានលុប១២០០ការ៉េ គិត១០០លាន តែឥឡូវនេះដីទំហំ៥ហិកតាចុះ មិនគិតជាដីមិនប្រើប្រាស់ទៀតទេ។មានន័យថា ដី៥ហិកតាចុះ លែងព្រួយរឿងជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ហើយ។
សម្តេចធិបតី មានប្រសាសន៍បន្តថា ក្រៅពីដីដែលមានទំហំ ៥ ហិកតាចុះ រដ្ឋក៏មិនតម្រូវឱ្យបង់ពន្ធប្រចាំឆ្នាំចំពោះដីធ្លីជាច្រើនទៀតដែរ ក្នុងនោះរួមមាន ដីដែលកំពុងប្រើប្រាស់ដាំដុះ, ដីដែលជួលបង្កើតជារោងចក្រ សហគ្រាសនានា, ដីមានសំណង់ ឬ គ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួល, ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស, ដីដែលត្រូវបានចុះបញ្ជីក្នុងវិស័យអប់រំ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសិក្សាធិការជាដើម។
សម្តេចធិបតី បានបន្តទៀតថា គោលដៅនៃការដាក់ពន្ធនេះ គឺធ្វើយ៉ាងម៉េចកុំឱ្យទិញដីទុកចោលធំពេក ព្រោះអាចធ្វើឱ្យមានការប៉ះពាល់។ការយកពន្ធលើដីធ្លីមិនបានប្រើប្រាស់ គឺដើម្បីបញ្ចៀសការយកដីទៅទុកចោលមិនប្រើប្រាស់ជាប្រយោជន៍សេដ្ឋកិច្ច។
ការអនុវត្តយកពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់ និងមានទំហំលើសពី ៥ ហិកតានេះ នឹងចាប់អនុវត្តនៅដើមឆ្នាំ២០២៥តទៅ។
គួរជម្រាបជូនថា រាជរដ្ឋាភិបាលនីតិកាលទី៧ មិនបានបង្កើតច្បាប់ពន្ធថ្មី និងដំឡើងអត្រាពន្ធនោះទេ ខណៈរដ្ឋបានផ្តល់ការអនុគ្រោះពន្ធជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋ និងអ្នកធ្វើធុរកិច្ចនៅកម្ពុជាថែមទៀត៕