ក្រោយទទួលបានដំណោះស្រាយសមស្របពីសាលារាជធានីភ្នំពេញគ្គលិកក្រុមហ៊ុន ស៉ិនទ្រី នឹងដើរប្រមូលសំរាមវិញ នៅរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះឡើងវិញ ក្រោយពួកគេទទួលបានដំណោះស្រាយសមស្របពីសាលារាជធានីភ្នំពេញ។ នេះបើយោងតាមកំណត់ហេតុ ដំណោះស្រាយដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០។

ការងារនេះសម្រេចបានដោយជោគជ័យ ក្រោមការយកចិត្តទុកដាក់របស់អភិបាលរាជធានីភ្នំពេញ ដោយមានការណែនាំពីក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទើបដោះស្រាយបានបញ្ចប់។
ប៉ុន្ដែទោះជាយ៉ាងណា ក្នុងអន្ដរកាលនេះ អភិបាលរាជធានីភ្នំពេញ បានណែនាំ និងដាក់ផែនការឲ្យអភិបាលខណ្ឌទាំង១៤ រួមទាំងមន្ដ្រីពាក់ព័ន្ធ ចុះប្រមូលសំរាមជាបណ្ដោះអាសន្ន ក្នុងពេលនេះផងដែរ។
ការទទួលយកដំណោះស្រាយ និងព្រមព្រៀងចូលធ្វើការវិញរបស់កម្មករ ក្រុមហ៊ុន ស៉ិនទ្រី ធ្វើឡើងក្រោយបញ្ចប់កិច្ចចរចារបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រវាងម្ចាស់ក្រុមហ៊ុន ស៉ិនទ្រី និងកម្មករ និយោជិត នៅសាលារាជធានីភ្នំពេញ។
ជាលទ្ធផល នៃការចរចារភាគីទាំងអស់បានព្រមព្រៀងគ្នាដូចខាងក្រោម៖
*ទី១៖ ចំពោះសំណើរបស់កម្មករនិយោជិតទាមទារឲ្យក្រុមហ៊ុនដោះស្រាយពេលបញ្ចប់កិច្ចសន្យា ក្រុមហ៊ុនទទួលដោះស្រាយតាមច្បាប់ស្ដីពីការងារ ហើយរដ្ឋបាលរាជធានីភ្នំពេញ ជាអ្នកធានាខុសត្រូវ
*ទី២៖ ចំពោះការងាររបស់កម្មករនិយោជិត ទៅថ្ងៃខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ ធានាមិនបាត់បង់ឡើយ ទោះបីក្រុមហ៊ុនស៉ិនទ្រី ដេញថ្លៃជាប់ ឬមិនជាប់ក៏ដោយ
*ទី៣៖ សូមឲ្យកម្មករនិយោជិតទាំងអស់នាំគ្នាចូលធ្វើការងារជាធម្មតាវិញ ចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះតទៅ។
បើតាមសេចក្ដីរាយការណ៍ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះទៅជួបសំណេះសំណាលដោយផ្ទាល់ជាមួយកម្មករ ក្រុមហ៊ុន ស៉ិនទ្រី ខណ្ឌដង្កោផងដែរ ដើម្បីប្រាប់អំពីដំណោះស្រាយ និងការសន្យារបស់រដ្ឋបាលរាជធានីភ្នំពេញ។
គួរជម្រាបថា កម្មករប្រមូលសំរាម ក្រុមហ៊ុន ស៉ិនទ្រី បាននាំគ្នាធ្វើកូដកម្មឈប់ប្រមូលសំរាម តាំងពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ ដើម្បីទាមទារឲ្យអាជ្ញាធរចូលរួមដោះស្រាយ ចំពោះលក្ខខណ្ឌដែលពួកគេបានទាមទារ៕



ប្រភព៖ Fresh News