ប្រទេសទីម័រលេស្តេ បានសម្រេចចុះហត្ថលេខាលើកិច្ចសន្យាទិញអង្ករពីកម្ពុជាចំនួន ៤០០០តោន ជាលើកដំបូងក្រោមយន្តការរដ្ឋ បន្ទាប់ពីប្រទេសទាំងពីរបានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ កន្លងទៅ រវាងក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រសួងការបរទេសនិងសហប្រតិបត្តិការទីម័រលេស្តេ។
ពិធីចុះហត្ថលេខាធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម ជាមួយនឹងគណៈប្រតិភូមកពីប្រទេសទីម័រលេស្តេ នៅថ្ងៃពុធ ទី១៥ ខែវិច្ឆិកានេះ។
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កិច្ចពិភាក្សាការងារនេះ បានធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសក្តានុពលក្នុងកិច្ចសហប្រតិបត្តិការធ្វើពាណិជ្ជកម្មអង្ករ រវាងក្រុមហ៊ុនហ្រ្គីនត្រេដ និងចរចាពីលក្ខខណ្ឌបច្ចេកទេស ក្នុងការនាំចេញទៅប្រទេសទីម័លេស្តេផងដែរ។
លោក ចាន់ សុខទី បានបញ្ជាក់ថា នេះជាការបើកច្រកទីផ្សារថ្មីបន្ថែមទៀតសម្រាប់កម្ពុជា ក្នុងវិស័យស្រូវអង្ករ ហើយកម្ពុជាដែលមានក្រសួងពាណិជ្ជកម្មជាសេនាធិការនឹងបន្តខិតខំស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតលើវិស័យនេះ។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី២០ ខែតុលា កម្ពុជា និងទីម័រខាងកើត បានចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ចំនួន០២ ក្នុងនោះមានកិច្ចព្រមព្រៀងស្ដីពីសេវាដឹកជញ្ជូនផ្លូវអាកាស និងអនុស្សារណៈយោគយល់គ្នាស្ដីពីការធ្វើពាណិជ្ជកម្មអង្ករ។ ការចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីបានមានជំនួបទ្វេភាគីរួចរវាងសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត នៅវិមានសន្តិភាព៕