ជំហានបន្ទាប់ក្រោយដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ កាលថ្ងៃទី១៦ ខែវិច្ជិកានេះ កម្ពុជាបាននិងកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិចំនួន ២ទៀត គឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងតារាសាគរ។
បន្ថែមទៀតនោះ កម្ពុជាក៏កំពុងអភិវឌ្ឍន៍គម្រោងលើកកម្រិតស្តង់ដាអាកាសយានដ្ឋានអន្តរជាតិចំនួន១ គឺអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឲ្យដឹងថា យើងក៏មានគម្រោងអភិវឌ្ឍអាកាសយានដ្ឋានមណ្ឌលគិរីថ្មី និងអាកាសយានដ្ឋានកោះរុង ក៏ស្ថិតនៅក្នុងរបៀបវារៈផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ក្នុងការរួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍។
បើតាមលោកម៉ៅ ហាវណ្ណាល់ កម្ពុជាក៏បានធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ និងបញ្ហាចរាចរណ៍ដែនអាកាសដោយធ្វើការផ្លាស់ប្តូរពីប្រព័ន្ធ AIS (ធម្មតា)ទៅ AIM (ឌីជីថល) ព្រមទាំងសមិទ្ធផលផ្សេងៗជាច្រើនទៀតក្នុងវិស័យអាកាសចរណ៍ស៊ីវិលនៅកម្ពុជា។
សូមជម្រាបថា គម្រោងសាងសង់អាកាស យានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មី បានចាប់ផ្តើមដំណើរការសាងសង់នៅឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៤ (ដំណាក់កាលទី១)។ គម្រោងនេះគ្រោងចំណាយថវិកា ប្រមាណ ៦១៧លានដុល្លារ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានរាជរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួម គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពុង ឃាវសែ។
ដោយឡែក គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ បានអភិវឌ្ឍន៍ឡើងលើទំហំផ្ទៃដី២១៨ហិកតា និងមានដីបម្រុងទំហំ១ពាន់ហិកតាបន្ថែម ដែលគ្រោងបញ្ចេញថវិកាប្រមាណ២០០លានដុល្លារ ស្ថិតក្នុងខេត្តកោះកុង។ មែនទែនទៅគម្រោងនេះត្រៀមបើកឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំ២០២៣នេះ ប៉ុន្តែត្រូវលើកពេលចំនួន២ដងរួចមកហើយ។ គម្រោងនេះសាងសង់ដោយក្រុមហ៊ុនចិន Union Development Group ៕