អ្នកនាំពាក្យ៖ ការលើកលែងពិន័យអន្តរការណ៍ជាប្រាក់ចំពោះមគ្គុទេសទេសចរណ៍ រួមចំណែកជួយអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងទេសចរណ៍ កាលពីពេលថ្មីៗនេះ បានប្រកាសលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះ ការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត ខណៈ អ្នកនាំពាក្យក្រសួងទេសចរណ៍ ចាត់ទុកថា ការលើកលែងនេះ នឹងរួមចំណែកជួយអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗ លោក តុប សុភ័ក្រ្ត អ្នកនាំពាក្យក្រសួងទេសចរណ៍ ក្រសួងចេញសេចក្តីជូនដំណឹងនេះ ជុំវិញការលើកលែងពិន័យជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណទេសចរណ៍ គឺធ្វើឡើងស្របទៅតាមអនុសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតាមលទ្ធផលនៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដើម្បីផ្តល់ដំណឹងទៅកាន់មគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ថា មិនមានការពិន័យអន្តរការណ៍ជាប្រាក់ទេ។

លោកបន្តថា៖« វិស័យទេសចរណ៍កម្ពុជាយើង ទោះបីស្ថានភាពបច្ចុប្បន្នមានកំណើន តែកំណើននោះមិនទាន់មានកំណើនទៅដល់កម្រិតដូចមុនវិបត្តិជំងឺកូវីដ-១៩ទេ អញ្ចឹងស្ថានភាពវិស័យទេសចរណ៍គឺវាស្ថិតនៅក្នុងដំណាក់កាលងើបឡើងវិញ ហេតុនេះការលើកលែងពិន័យជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណទេសចរណ៍គ្រប់កម្រិតនេះ គឺជាការជួយសម្រួលមួយនៅក្នុងដំណាក់កាលនេះ»។

អ្នកនាំពាក្យខាងលើ ក៏បានសង្កត់ធ្ងន់បន្ថែមថា ការការលើកលែងពិន័យអន្តរកាលនេះ ក៏ជារួមចំណែកជួយអភិវឌ្ឍន៍វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាបឱ្យមានស្ថានភាពកាន់តែប្រសើរ ខណៈខេត្តនេះ មានមគ្គុទ្ទេសក៍ទេសចរណ៍ច្រើនជាងគេ រហូតដល់៥៣៦១នាក់ ក្នុងចំនោមមគ្គុទ្ទេសក៍ទេសចរណ៍នៅទូទាំងប្រទេសសរុប ៦៥៥៥នាក់។

យោងតាមសេចក្តីជូនដំណឹង ស្តីពីការលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ចំពោះ ការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពី មគ្គុទ្ទេសក៍ទេសចរណ៍ ដែលចេញផ្សាយកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងទេសចរណ៍ បានលើកឡើងថា គឺធ្វើឡើងដើម្បីជាយន្តការលើកទឹកចិត្តដល់លោក-លោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ សំដៅចូលរួមស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។

ក្រសួងបញ្ជាក់បន្តថា៖« រាជរដ្ឋាភិបាលសម្រេចលើកលែង ការពិន័យអន្តរការណ៍ជាប្រាក់ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៤»។

សូមរម្លឹកដែរថា ថ្លែងក្នុងវេទិការាជរដ្ឋាភិបាល​-ផ្នែកឯកជន​ លើកទី១៩ កាលថ្ងៃទី១៣​ វិច្ឆិកា​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានចាត់ទុកថា បានប្រកាសលើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាពអាជ្ញាបណ្ណមគ្គុទ្ទេសក៏ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៏ទេសចរណ៍គម្រប់កម្រិត។សម្តេចធិបតី ហ៊ុន ម៉ាណែត រំពឹងទុកថា ការបន្តលើកលែងការពិន័យអន្តរការណ៍នេះ នឹងជួយដល់វិស័យទេសចរណ៍ ដែលជាវិស័យដ៏សំខាន់មួយ ដែលបានផ្ដល់នូវការងារជាច្រើនដល់ប្រជាពលរដ្ឋយើងនិង បានចូលរួមចំណែកយ៉ាងច្រើននៅក្នុងសេដ្ឋកិច្ចជាតិ៕ អត្ថបទ៖​រង្សី