សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានប្រកាសថា អាណត្តិថ្មី២០២៤នេះ សម្តេចដាក់គោលដៅកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយគ្រប់ក្រសួងទាំងអស់ត្រូវពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធផ្ទៃក្នុង ពិនិត្យតួនាទីភារកិច្ចរបស់ខ្លួន ព្រោះកន្លែងខ្លះអាចជាន់គ្នា។ សម្តេចធិបតីលើកជាឧទាហរណ៍ថា នៅក្រសួងកសិកម្ម អាចនាយកដ្ឋានស្រាវជ្រាវជាមួយ CARDI (វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា) តើជាន់គ្នាឬយ៉ាងម៉េច? យើងពង្រឹងមួយណា ទុកមួយណា”។
សម្តេចធិបតីលើកឡើងជាឧទាហរណ៍បន្ថែមថា សម្រាប់ក្រសួងធនធានទឹក ជាមួយក្រសួងអភិវឌ្ឍជនបទ ជាន់គ្នាយ៉ាងម៉េច? ក្រសួងរ៉ែ និងថាមពល ហើយនឹងក្រសួងធនធានទឹក អ្នកណាជាអ្នកគ្រប់គ្រងខ្សាច់ ពេលខ្លះត្រូវពិនិត្យមើល និងរៀបចំទាំងអស់នឹងឡើងវិញ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈ កម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ រួមមាន៖ ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធី ហិរញ្ ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង ការ ដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស និងការរៀបចំឱ្យមានសមាគមកសិករនៅតាមទីជនបទ៕
អត្ថបទ៖ អក្ខរា