សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មិនសំខាន់រឿងកសិករលក់ស្រូវបានតម្លៃថ្លៃនោះទេ ប៉ុន្តែអ្វីដែលសំខាន់នោះតើកសិករនៅសល់លុយប៉ុន្មាន?សម្តេចធិបតី ថ្លែងបែបនេះនៅក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោល នយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធវិស័យកសិកម្ម នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងឱកាសនោះ សម្តេចធិបតី អបអរសាទរជាមួយប្រជាកសិករ ដែលតម្លៃស្រូវនាឆ្នាំនេះ មានតម្លៃល្អ បើប្រៀបធៀបនឹងឆ្នាំមុន។ ដោយតម្លៃស្រូវឆ្នាំនេះ មានតម្លៃចាប់ពី ១,០០០ ទៅ ១,៣០០រៀល ក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុន មានតម្លៃត្រឹមតែ ៨០០ ទៅ ១,០០០រៀលតែប៉ុណ្ណោះ។ហើយគួបផ្សំជាមួយនឹងការធ្លាក់ចុះនៃតម្លៃវត្ថុធាតុដើមដូចជា ជី ថ្នាំកសិកម្មមួយចំនួន។
សម្ដេចធិបតី មានប្រសាសន៍ថា តាមរយៈតម្លៃស្រូវនាឆ្នាំនេះមានតម្លៃល្អ ហើយតម្លៃវត្ថុធាតុដើមមួយចំនួន មានការថយចុះតម្លៃផងនោះ នឹងអាចជួយប្រជាកសិករ អាចរកចំណូលបានសមរម្យផងដែរ។
ជាមួយគ្នានោះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា «វាមិនសំខាន់រឿងតម្លៃលក់តែមួយទេ វាសំខាន់ផងដែរទៅលើតម្លៃផលិត មានន័យថាតើកសិករសល់លុយប៉ុន្មាន បើផលិតផលថ្លៃពេក ការផលិតមានតម្លៃថ្លៃ ទោះបីលក់ថ្លៃយ៉ាងណា ក៏នៅសល់តិចដែរ។អ្វីដែលសំខាន់គឺរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តជាច្រើន គឺធ្វើយ៉ាងណាកាត់បន្ថយ ដើម្បីរក្សារការប្រកួតប្រជែង។បើអីចឹងពេលដែលតម្លៃលក់បានកាន់តែច្រើន ចំណូលបានកាន់តែច្រើន ហើយតម្លៃទាបក្នុងការផលិត រួមជាមួយការខិតខំក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូន យើងគិតថាអាចធ្វើឱ្យផលិតផលកសិកម្មរបស់យើងកាន់តែប្រកួតប្រជែង»។
សម្តេចធិបតី បានបន្តថា ទីផ្សារកសិកម្មវាមិនខុសទីផ្សារផលិតផលផ្សេងទេ គឺមានការប្រកួតប្រជែងច្រើន។វិស័យកសិកម្មត្រូវតែធ្វើទំនើបកម្មជាប្រចាំ ដើម្បីបង្កើនផលិតភាព កាត់បន្ថយតម្លៃ។
ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតីក៏បានជំរុញឱ្យផ្នែកពាក់ព័ន្ធសហការគ្នាចូលរួមអភិវឌ្ឍន៍ និងលើកកម្ពស់លើវិស័យកសិកម្មផ្ទៃក្នុងកម្ពុជា ដើម្បីឈានទៅប្រកួតប្រជែងនៅកម្រិតតំបន់ និងពិភពលោកផងដែរ៕