អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស រួមទាំងឧត្ដមភរិយា និងក្រុមការងារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានចូលរួមក្នុងពិធីបិទការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នៅទីលានបាល់ទះ វិមានពហុកីឡដ្ឋានជាតិ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធបាល់ទះកម្ពុជា ។ ក្នុងថ្ងៃបិទបញ្ចប់ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះថ្នាក់ជាតិនេះដែរ ក៏បានរកឃើញ ម្ចាស់ជ័យលាភី និងលើកពានចំនួន ៣ក្រុម ដោយទទួលបានថវិកាសរុប ចំនួន ៨២លានរៀល ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាម្ចាស់ឧបត្ថម្ភធំផ្ដាច់មុខ ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ។

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ នេះ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះកម្ពុជា និងមានការចូលរួមប្រកួតពីសមាគម/ក្លិបកីឡា ចំនួន ២៩ក្រុម។ ជាលទ្ធផល បិទបញ្ចប់ព្រឹត្តិការណ៍ប្រកួត សមាគមបាល់ទះក្រសួងមហាផ្ទៃ B ទទួលបានជ័យលាភីលេខ១ ទទួលបានពានជ័យលាភី មេដាយមាស និងថវិកា ចំនួន ៥០លានរៀល, ក្លិបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ២ ទទួលបានមេដាយប្រាក់ និងថវិកា ចំនួន ២០លានរៀល និងក្លិបបញ្ជាការដ្ឋានកងអង្គរក្ស ទទួលបានជ័យលាភីលេខ៣ និងថវិកា ចំនួន ១២លានរៀល។
អ្នកឧកញ៉ា លាង ម៉េង មានប្រសាសន៍ថា៖ “ការប្រកួតវគ្គផ្តាច់ព្រ័ត្រកីឡាបាល់ទះ ដើម្បីដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៣ ពិតជាបានឆ្លុះបញ្ចាំងពីភាពអភិវឌ្ឍន៍រីកចម្រើននៃវិស័យកីឡាបាល់ទះនៅកម្ពុជានាពេលបច្ចុប្បន្ន ហើយសូមអបអរសាទរប្អូនៗកីឡាបាល់ទះដែលបានតស៊ូប្រកួតរហូតបានមកដល់វគ្គផ្តាច់ព្រ័ត្រ និងក្រុមកីឡាបាល់ទះជ័យលាភីទាំងបីក្រុម ចំពោះទឹកចិត្តជាកីឡាករដែលមានស្មារតីចេះរួបរួម និងអត់ធ្មត់។”

ក្នុងនាមជាម្ចាស់ឧបត្ថម្ភធំផ្ដាច់មុខ អ្នកឧកញ៉ា លាង ម៉េង ក៏បានអះអាងថា៖ នេះគ្រាន់តែជាការចាប់ផ្តើមនោះទេ ខ្មែរ ប៊ែវើរីជីស នឹងបន្តក្នុងការរួមដំណើរជាមួយ “សហព័ន្ធកីឡាបាល់ទះកម្ពុជា” ក្នុងការលើកស្ទួយវិស័យបាល់ទះ ព្រោះយើងជឿលើសក្តានុពលនៃយុវជនរបស់យើង ហើយ ខ្មែរ ប៊ែវើរីជីស មិនមែនត្រឹមតែជាក្រុមហ៊ុនផលិតភេសជ្ជៈនោះទេ តែយើងជាក្រុមហ៊ុនដែលគាំទ្រក្តីស្រមៃរបស់អ្នកមានសមត្ថភាពពិតប្រាកដ ដាក់ចិត្តស្រលាញ់កីឡាបាល់ទះនេះចេញពីចិត្ត ដាក់កាយវឹកហាត់យ៉ាងសស្រាក់សស្រាំ ពង្រឹងវិន័យផ្ទាល់ខ្លួនបានយ៉ាងល្អខ្ជាប់ខ្ជួន ដែលអាចធ្វើឱ្យវិស័យកីឡាបាល់ទះជាតិយើង ដណ្ដើមបានមេដាយជូនជាតិ កាន់តែច្រើនឡើងជាបន្តបន្ទាប់ទាំងក្នុងក្របខណ្ឌប្រកួតជម្រុះក្នុងប្រទេស និងក្រៅប្រទេស ។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតភេសជ្ជៈ ដែលមានសហគ្រិនជាជនជាតិខ្មែរ ១០០% និងបានឈរជើងលើទីផ្សារអស់រយៈពេលជាង ១៤ឆ្នាំ នៅកម្ពុជា។ ក្រុមហ៊ុន ផលិតភេសជ្ជៈស្តង់ដារអន្តរជាតិ ដែលជាពាណិជ្ជកម្មមួយ ក្នុងចំណោមពាណិជ្ជកម្មផ្សេងៗទៀត របស់ក្រុមហ៊ុន ជីប ម៉ុង មួយនេះ បានខិតខំប្រឹងប្រែងវិនិយោគលើគ្រឿងចក្រខ្នាតធំ គ្រឿងផ្សំល្អឥតខ្ចោះ និងបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ពីជុំវិញពិភពលោក ដើម្បីអភិវឌ្ឍគុណភាពសង្វាក់ផលិតកម្ម បណ្ដុះជំនាញ និងបទពិសោធន៍ថ្មីៗដល់យុវជនខ្មែរ ជាពិសេសធានាបាននូវភេសជ្ជៈគុណភាពកម្រិតពិភពលោកជូនអតិថិជន។ តាមរយៈការយកផលិតផលរបស់ខ្លួនទៅចូលរួមប្រកួតលើឆាកអន្តរជាតិ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទទួលបានមេដាយមាស ៣៣គ្រឿងច្រើនជាងគេ ពីស្ថាប័នអន្តរជាតិវាយតម្លៃគុណភាព Monde Selection និងវិញ្ញាបនប័ត្រ២ធំៗ គឺ៖ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព, និង ISO 14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន ព្រមទាំងពានរង្វាន់គ្រប់គ្រងសង្វាក់ផលិតកម្មលំដាប់ពិភពលោក៕











