សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នា ពង្រីកអាជីវកម្មល្អៗ រីឯអាជីវកម្មមិនល្អ មិនត្រូវច្បាប់រួមគ្នាទប់ស្កាត់កុំឱ្យវារីក ដើម្បីធានាសុខសន្តិភាពសណ្តាប់ធ្នាប់សង្គមឱ្យកាន់តែប្រសើរថែមទៀត។
ការថ្លែងដូច្នេះ បានធ្វើឡើងក្នុងឱកាសចុះជួបសំណេះសំណាលកម្មករ ចំនួន ១៨,១០៨នាក់ មានស្ត្រីមានផ្ទៃពោះចំនួន ៥៣០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុងខណ្ឌកំបូល កាលព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចទើបបានណែនាំអាជ្ញាធរខណ្ឌទួលគោក ឱ្យដកហូតធុងបាស់ពីកន្លែងកម្សាន្តមួយកន្លែងដែលបើកភ្លេងរំខាន បន្ទាប់ពីទទួលសំណូមពរពីប្រជាពលរដ្ឋ។
សម្តេចធិប បានបន្តថា៖« សូមស្នើឱ្យប្រជាពលរដ្ឋដែលកំពុងប្រកបរបរអាជីវកម្ម ត្រូវមានការយោគយល់គ្នា និងត្រូវគោរពច្បាប់ទាំងអស់គ្នា ចៀសវាងបន្កការរំខានណាមួយដល់អ្នកដទៃ ពោលគឺត្រូវចែកគ្នារស់ រស់ដោយភាពស្ងប់ស្ងាត់ រស់នៅក្នុងសិន្តិភាព ព្រោះថានយោបាយឈ្នះៗ គឺការគោរពរពសិទ្ធិគ្នាទៅវិញទៅមក»។
បន្ថែមពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់ការប្រពឹត្តិអាជីវកម្មខុសច្បាប់ និយាយរួម គឺត្រូវធ្វើយ៉ាងណាអាជីវកម្មណាដែលមិនល្អ មិនត្រូវច្បាប់ត្រូវរួមគ្នាទប់ស្កាត់កុំឱ្យវារីក ប៉ុន្តែងាកមកពង្រីកអាជីវកម្ម និងឧស្សាហកម្មល្អវិញ ដើម្បីលើកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅ។
យ៉ាងណាមិញ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអះអាងដែរថា ការជំរុញនេះ គឺជាគោលដៅរបស់រាជរដ្ឋាភិបាលនីតិកាលថ្មី ដើម្បីរុញប្រទេសក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខណៈសម្តេចសង្កត់ធ្ងន់ទៀតថា មហិច្ឆតានៃការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល គឺធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពកាន់តែល្អប្រសើរ៕ អត្ថបទ៖ រង្សី