តំបន់ព្រៃឡង់ គឺជាព្រៃដ៏ធំមួយនៅភាគខាងជើងប្រទេសកម្ពុជា ត្រូវបានប្រកាសដាក់ក្នុងតំបន់ក្រហមដោយមិនផ្ដល់អាជ្ញាបណ្ណថ្មីណាមួយ និងមិនអនុញ្ញាតិឱ្យមានការពង្រីកផ្ទៃដីបន្ថែមលើអាជ្ញាបណ្ណចាស់ទៀតនោះទេ សម្រាប់អាជីវកម្មរ៉ែ។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

នៅលើវេទិកាពិភាក្សា ស្ដីពី គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា ដែលរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជា ឯកឧត្តម កែវ រតនៈ បានលើកឡើថា កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រសួងរ៉ែ បានលើកសំណើរទៅនាយករដ្ឋមន្រ្តី ដោយស្នើដាក់តំបន់ព្រៃឡង់ក្នុងតំបន់ក្រហម។ ជាលទ្ធផល នាយករដ្ឋមន្រី្តបានឯកភាពទាំងស្រុងលើសំណើរនេះក្នុងថ្ងៃដដែល ដែលបានដាក់ស្នើ ។

សំណើរនេះមានគោលបំណងចំនួន៣ គឺទី១ ចាត់ទុកតំបន់ព្រៃឡង់ជាតំបន់ក្រហម ដោយមិនចេញអាជ្ញាបណ្ណធនធានរ៉ែគ្រប់ប្រភេទទៀតនោះទេ លើកលែងតែក្រុមហ៊ុន២ ដែលមានការអនុញ្ញាតិតាំងពីអណត្តិមុន, ទី២ ពិនិត្យលទ្ធភាព កាត់បន្ថយផ្ទៃដីដែលសិក្សារួច និងមិនមានសក្ដានុពលដើម្បីធ្វើអាជីវកម្មធនធានរ៉ែ, ទី៣ មិនអនុញ្ញាតិ ឱ្យមានការពង្រីកផ្ទៃដីដែលមានអាជ្ញាបត្របន្ថែមទៀតនោះទេ។
សូមជម្រាបជូនផងដែរថា តំបន់ព្រៃឡង់គ្របដណ្ដប់លើខេត្តចំនួន៤គឺ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ មានផ្ទៃដី ៤៣១៦៨៣ ហិចតា ជាតំបន់ព្រៃបៃតងទំនាបចុងក្រោយបង្អស់របស់អាស៊ីអាគ្នេយ៍៕
អត្ថបទ៖ សុកធា