ពោធិ៍សាត់៖ កូនឈើជាង៤ម៉ឺនដើម ត្រូវបានដាំនៅលើផ្ទៃដីចំនួន៥៦ហិចតា ក្នុងចំណោមផ្ទៃដី ៣០០ ហិកតា ដែលបានដកហូតពីជនខិលខូច ដែលបានលួចកាប់ទន្រ្ទានព្រៃខុសច្បាប់ នៅសហគមន៍តំបន់ការពារធម្មជាតិស្ទឹងថ្មី ក្នុងដែនជំរកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្រ្តភូមិស្ទឹងថ្មី ឃុំប្រម៉ាយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

កម្មវិធីដាំកូនឈើស្តារព្រៃឡើងវិញ នេះរៀបចំឡើងក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយ ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងមានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP តំណាងស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា ក្រុមការងារ RECOFTC អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋជាច្រើននាក់។

ឯកឧត្តម ខៀវ បូរិន អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានលើកឡើងថា ការកំណត់យកសហគមន៍តំបន់ការពារធម្មជាតិស្ទឹងថ្មី ដាំកូនឈើ គឺដើម្បីលើកទឹកចិត្តសហគមន៍តំបន់ការពារធម្មជាតិដាំស្តារព្រៃ និងលើកកម្ពស់ការចូលរួមពីប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។

ឯកឧត្តមបានបន្ថែមថា ការដំាកូនឈើព្រៃនេះគឺសំរាប់ការអភិរក្សធនធានធម្មជាតិ ជាពិសេសបង្កើនជិវៈចម្រុះ សម្រាប់កូនចៅជំនាន់ក្រោយ។ ឯកឧត្តមខៀវ បូរិន បានឱ្យដឹងដែរថា ព្រៃឈើនៅទីនេះ មិនអាចផ្តល់ផលទៅដល់គាត់ផ្ទាល់មែន ប៉ុន្តែវាអាចអភិរក្សជីវៈចម្រុះ ហើយអាចរក្សាទឹក និងទាក់ទាញទឹកភ្លៀង តាមរយៈការថែរក្សាព្រៃឈើឱ្យបានល្អនេះ។ ទៅថ្ងៃខាងមុខ ក្រសួងបរិស្ថានមានគម្រោងដាំដើមអាកាស្យា ដែលកំពុងមានតម្រូវការខ្ពស់ និងអាចប្រមូលផលនៅក្នុងរយៈពេល ៥ ទៅ ៦ឆ្នាំខាងមុខ នៅក្នុងដីនៃផ្នែកណាមួយតំបន់សហគមន៍នេះ ជាមួយគ្នានេះក្រសួងនឹងពិនិត្យលើលទ្ធភាពគម្រោងលើកកម្ពស់ជីវភាពសហគមន៍តាមរយៈការផ្តល់ពូជមាន់ គោ ពពែ ជ្រូក ដែលជួយបង្កើននូវចំណូលរបស់សហគមន៍ ដែលជាអ្នកទទួលផលផ្ទាល់។

ក្នុងឱកាសនោះ ឯកឧត្តម រត្ន័ វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការចូលរួមរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលសហគមន៍ដោយផ្ទាល់ដាំស្តារព្រៃនៅពេលនេះ គឺជាការបង្ហាញពីស្មារតីស្រលាញ់ធនធានធម្មជាតិ ដែលរួមមានព្រៃឈើ សត្វព្រៃ ជាដើម។ ទាំងអស់នេះគឺជាផ្នែកមួយនៃការទាក់ទាញទឹកភ្លៀង រក្សាលំនឹងធម្មជាតិ ការពារខ្យល់ព្យុះ និងគ្រោះធម្មជាតិផ្សេងៗ។ ឯកឧត្តម មានប្រសាសន៍បន្តថា ព្រៃឈើនៅក្នុងតំបន់នេះគឺជាប្រភេទព្រៃរបោះ ដែលអាចអោយសត្វគ្រប់ប្រភេទរស់នៅបាន ហេតុដូច្នេះ ប្រសិនបើយើងការពារព្រៃឈើ សត្វព្រៃ បាននោះយើងនិងបានថវិកាជួយដល់ការអភិវឌ្ឍជីវភាពសហគមន៍។ ឯកឧត្តម រ័ត្ន វិរៈ បានសង្កត់ធ្ងន់បន្តថា នៅពេលខាងមុខក្រសួងបរិស្ថាននិងចូលរួមអភិវឌ្ឍន៍នៅក្នុងតំបន់នេះ ឱ្យមានប្រភពចំណូលតាមរយៈការ បង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ ដែលទេសចរ អាចមកមើលសត្វព្រៃ និងព្រៃឈើ នៅក្នុងតំបន់នេះផងដែរ។

គួរបញ្ជាក់ថា សហគមន៍តំបន់ការពារធម្មជាតិស្ទឹងថ្មី បានបង្កើតឡើងនៅឆ្នាំ២០១០ គ្រប់គ្រងនៅលើផ្ទៃដី ចំនួនទំហំ ៧១២ ហិកតា មានការចូលរួមពីប្រជាជនចំនួន ១១០គ្រួសារ ។ កូនឈើព្រៃដែលបានដាំប្រមាណជាង ៤ម៉ឺនដើមនៅពេលនេះ ជាប្រភេទឈើគ្រញូង ធ្នង់ បេង គគីរ ឈើទាល កកោះជាដើម ដែលនាយកដា្ឋនជីវភាពសហគមន៍ បានទទួលថវិកាពី UNDP សម្រាប់ការដាំស្តារព្រៃឈើ និងលើកកម្ពស់ជីវភាពសហគមន៍(គ្រួសាររងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩០ គ្រួសារ) និងមជ្ឈមណ្ឌលសម្រាប់មនុស្សនិងព្រៃឈើ (RECOFTC) បានគាំទ្រថវិកា និងចូលរួមក្នុងសកម្មភាពដាំស្តារកូនឈើនេះផងដែរ៕
ប្រភព៖ ក្រសួងបរិស្ថាន