ក្នុងវេទិកាពិភាក្សាស្ដីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានលើកឡើងថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្ពុជាផលិតបានដុំមាស ចំនួន១ ០៤០ដុំ ស្មើនឹងជាង ៨ ៩៧៩គីឡូក្រាម និងទទួលបានចំណូលពីសួយសារចំនួនជាង ១៤.៤លានដុល្លារ។

បើតាមលោក កែវ រតនៈ គិតមកដល់ពេលនេះ ក្រសួងរ៉ែ និងថាមពល បានចេញអាជ្ញាបណ្ណរុករករ៉ែមាស ដល់ក្រុមហ៊ុនសរុបចំនួន៩ ខណៈក្រុមហ៊ុនចំនួន៦ កំពុងដំណើរការអាជីវកម្ម និងក្រុមហ៊ុនចំនួន៣ទៀត កំពុងរៀបចំការដ្ឋានអាជីវកម្ម។
ក្នុងចំណោមក្រុមហ៊ុនទាំង៦ ដែលកំពុងដំណើរការអាជីវកម្មមាននៅខេត្តមណ្ឌលគិរី, ព្រះវិហារ, ក្រចេះ
និងកំពង់ធំ។ ក្នុងនោះក្រុមហ៊ុន Renaissance Minerals នៅខេត្តមណ្ឌលគិរី ទទួលបានទិន្នផលខ្ពស់ជាងគេ ខណៈ៥ក្រុមហ៊ុនទៀត ទទួលបានផលតិចតួចប៉ុណ្ណោះ៕

